សៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់” ដែលមានកម្រាស់ ១៩៤ទំព័រ ត្រូវបានដាក់សម្ពោធ ជាផ្លូវការ
ខេត្តកំពត៖ សៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់” ដែលមានកម្រាស់១៩៤ទំព័រត្រូវបានដាក់សម្ពោធជាផ្លូវការ ។ តាមរយៈសៀវភៅដ៏មានអត្តន័យមួយនេះ ក្រុមអ្នកនិពន្ធ បានចងក្រងយ៉ាងសម្រិតសម្រាំងនូវខ្លឹមសារប្រកបដោយគុណតម្លៃ អស់រយៈពេលជាង ២ឆ្នាំ ទម្រាំសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានសម្រេចជាស្ថាពរ និងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ។
សៀវភៅទាំងមូល គឺផ្ដោតលើខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងមុខរបរក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធ សៀវភៅ “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់” ធ្វើឡើងក្រោមអធិបតីភាព អ្នកឧញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប និងលោកជំទាវ និងមានការអញ្ជើញចូលរួមពី ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងក្រុមការងារតាក់តែងនិពន្ធផងដែរ។
សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដែលបានដឹកនាំចងក្រងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ងិន បាណាល់ និងរៀបរៀងដោយ លោក យិប ឆេងលាប និងលោក រស់ គង់ និងសម្របសម្រួលដោយ លោក ម៉ិច ភារម្យ។ សៀវភៅមួយនេះ បានចងក្រងឡើងដោយមិនរកប្រាក់ចំណេញ និងបានបោះពុម្ពជាលើកដំបូងចំនួន ១.០០០ក្បាល គ្រោងនឹងដាក់តម្កល់នៅបណ្ណាគារជាតិ និងនៅតាមបណ្ណាគារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ដោយ៖ ង៉ាន់ ទិត្យ