សម្ដេចតេជោ ហ៊ុន សែន លើកបង្ហាញនូវសមិទ្ធផលថ្មីៗជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល ២៤ឆ្នាំ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកបង្ហាញនូវសមិទ្ធផលថ្មីៗជាច្រើនរបស់ រាជរដ្ឋាភិបាល បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល២៤ឆ្នាំ បន្ទាប់ពីនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវឃ្លីបវីដេអូមួយដែលលើកឡើងនៅសមិទ្ធផលថ្មីៗដូចនេះតាមរយៈទំព័រ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ សមិទ្ធផលថ្មីៗជាច្រើនរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល២៤ឆ្នាំ បន្ទាប់ពីនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និង បាននាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលក្រោមម្លប់នៃសន្តិភាព ។
សមិទ្ធផលទាំងនោះ មានជាអាទិ៍៖ ១- ធានាស្ថេរភាពនយោបាយនិងសន្តិសុខសម្រាប់ថ្នល់សង្គមនាំមកនូវការអភិវឌ្ឍន៍ពិសេសក្នុងដំណាក់កាលជំងឺកូវីដ19, ២- ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់, ៣- ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន, ៤-ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក, ៥- សម្រេចបាននូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែនៅខេត្តព្រះសីហនុ, ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែក្នុងខេត្តសៀមរាប និងការស្ដារ និងកែលម្អដងស្ទឹងខេត្តសៀមរាប, ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ, ៦- ការវិនិយោគផ្ទាល់ពីបរទេស សម្រាប់គម្រោងធំៗសំខាន់ៗដូចជា៍៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប, អាកាសយានដ្ឋានខេត្តមណ្ឌលគិរី, គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ, គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្សារចាស់-ជ្រោយចង្វា-អរិយក្សត្រ, គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ និងបណ្ដាការដ្ឋានសំណង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ស្ពានធំៗ រួមទាំងសំណង់ ប្រព័ន្ធធារាសាស្ត្រ ខ្សែបណ្ដាញអគ្គិសនី។ល។ នៅទូទាំងប្រទេ៕ ដោយ វណ្ណលុក