បញ្ហាប្រឈមធំៗ ដែលនឹងបន្តអង្រួនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២៣
អន្តរជាតិ៖ ២០២២ គឺជាឆ្នាំដែលគេរំពឹងថា សេដ្ឋកិច្ច ពិភពលោកនឹងងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែក្រោយរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំនៅចុងខែកុម្ភៈ សុទិដ្ឋិនិយមបែបនេះបែរជារលុបបាត់ ហើយ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិលជាថ្មី។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការបន្តដាក់ទណ្ឌកម្ម លោកខាងលិចប្រឆាំងនឹងរុស្ស៊ី បានបង្កភាពតានតឹងផ្នែក ភូមិសាស្ត្រនយោបាយ ធ្វើឱ្យតម្លៃថាមពល និងអាហារកើន ឡើងដល់ចំណុចកំពូល និងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបង្កើតជាភាពវឹកវរមួយបន្ថែមទៀតដល់ការងើបឡើងវិញរបស់សេដ្ឋកិច្ច។
ស្របពេលជាមួយគ្នានោះ អតិផរណាក៏កើនឡើងដល់កម្រិត ខ្ពស់ដែលកម្រមានក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបង្ខំ ឱ្យ ធនាគារកណ្ដាលនៃប្រទេសផ្សេងៗចេញគោលនយោបាយរឹតបណ្ដឹងហិរញ្ញវត្ថុដោយបង្កើនអត្រាការប្រាក់ ចំពេលដែល សេដ្ឋកិច្ច ប្រទេសដើរយឺតរួចស្រាប់ទៅហើយ។ហេតុដូច្នេះហើយ ទើបជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀត នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ ក្រោមកា រប្រឈមមុខនឹងបញ្ហាធំៗទាំងប្រាំនេះ៖
១. ការខិតកាន់តែជិតដល់វិបត្តិសេដ្ឋកិច្ច
ឆ្នាំ២០២៣ត្រូវបានគេរំពឹងថាជាឆ្នាំដ៏អាក្រក់បំផុតទី ៣ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងសតវត្សរ៍នេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលបង្កឱ្យមានវិបត្តិ សេដ្ឋកិច្ចដ៏ធំនៅឆ្នាំ២០០៩និងការបិទខ្ទប់កូវីដនៅឆ្នាំ ២០២០ ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំង។
អ្នកវិភាគរំពឹងថា សេដ្ឋកិច្ចធំៗរបស់ពិភពលោក រួមទាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏ដូចជាតំបន់ ចាយប្រាក់អឺរ៉ូ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារធនាគារកណ្តាលបន្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ទំនិញ និងសេវាកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអត្រាអតិផរណាដែលកើនឡើង។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានព្រមានក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ អាមេរិក CBS កាលពីថ្ងៃទី១ ខែមករា ថា ១ភាគ៣ នៃសេដ្ឋកិច្ច ពិភពលោកអាចរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣។ លោកស្រីបន្តថា៖ «ឆ្នាំ ២០២៣ នឹងមានភាពតឹង តែងជាងឆ្នាំមុន ដោយសារតែសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន នឹងធ្លាក់ចុះ។
សូម្បីតែនៅក្នុងប្រទេសដែលមិនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏វានឹងមានអារម្មណ៍ដូចជាវិបត្តិសេដ្ឋកិច្ចសម្រាប់មនុស្សរាប់រយ លាននាក់»។
អ្នកវិភាគមកពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានសរសេរក្នុង កំណត់ត្រាស្រាវជ្រាវថា៖ «ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ដល់ ផលិតផលក្នុងស្រុកសរុប (GDP) របស់សកល គឺពឹងផ្អែក ជាចម្បងលើគន្លងនៃសង្រ្គាមនៅអ៊ុយក្រែន»។
ក្រុមអ្នកវិភាគដដែលបន្ថែមថា ជម្លោះនេះប្រថុយនឹងក្លាយ ទៅជា «សង្រ្គាមជារៀងរហូត»។ការធ្លាក់ចុះនៃ សេដ្ឋកិច្ច នៅប្រទេសអភិវឌ្ឍ ខណៈប្រាក់ដុល្លារកើនឡើងតម្លៃ នឹងប៉ះពាល់ដល់ការនាំចេញដែលបង្កបញ្ហាដល់ប្រទេសនៅអាស៊ី ដែលផ្តោតលើការនាំចេញ។
យ៉ាងណាមិញ សុទិដ្ឋិនិយមបន្តិចបន្តួចនោះគឺថា វិបត្តិ សេដ្ឋកិច្ចណាមួយ ទំនងជានឹងកើតឡើងក្នុងរយៈពេលខ្លី ហើយនឹងមិនធ្ងន់ធ្ងរដូចការភ័យខ្លាចដូចពីដំបូងនោះឡើយ ដោយគ្រាន់តែបណ្តាលឱ្យភាពអត់ការងារធ្វើកើនឡើងតិចតួចប៉ុណ្ណោះ។
អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ចអង់គ្លេស Capital Economics បានលើកឡើងកាលពីខែធ្នូថា ដោយសារតែអតិផរណាហាក់នឹងធ្លាក់ចុះនៅជុំវិញពិភពលោក ធនាគារកណ្តាលគួរតែបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនឱ្យលឿន ដើម្បីអនុញ្ញាតឱ្យការងើបឡើងវិញចាប់ផ្តើមនៅចុង ឆ្នាំក្រោយ (២០២៣)។ នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានអាល្លឺម៉ង់ DW។
២. អតិផរណា
ការកើនឡើងតម្លៃទំនងជានឹងមានកម្រិតមធ្យមក្នុងឆ្នាំ ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ការធ្លាក់ ចុះតម្លៃថាមពល ការបន្ធូរបន្ថយនៃការរំខានលើវិស័យផ្គត់ផ្គង់ និងការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ អតិផរណានឹងនៅតែស្ថិតនៅលើកម្រិតគោលដៅរបស់ធនាគារកណ្តាល ហើយជំរុញឱ្យមានការដំឡើងអត្រាការប្រាក់ បន្ថែម ទៀត ដែលនឹងប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំង ហើយក៏វា ប្រថុយនឹងវិបត្តិបំណុលពិភពលោកកាន់តែអាក្រក់ទៅៗ។
DW ចុះផ្សាយថា អតិផរណានៅតំបន់ចាយលុយអឺរ៉ូ រំពឹងថា នឹងធ្លាក់ចុះយឺតជាងនៅសហរដ្ឋអាមេរិក។ អតិផរណានៅ អាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់ រំពឹង ថានឹងធ្លាក់ចុះដោយសារវិធានការដូចជាការកំណត់តម្លៃហ្គាស និងថាមពលជាដើម។ យ៉ាងណាមិញ អតិផរណាស្នូល ដែល មិនរាប់តម្លៃអាហារ និងថាមពល អាចនៅតែខ្ពស់ដដែល ដោយ សារការផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដើម្បីជួយប្រជាជន ដោះស្រាយនឹងការចំណាយខ្ពស់ក្នុងការរស់នៅ។
ប្រធានសេដ្ឋវិទូអឺរ៉ុបនៃក្រុមហ៊ុន Capital Economics លោក Andrew Kenningham បានលើកឡើងថា ភាពធន់នៃ សេដ្ឋកិច្ច [តំបន់អឺរ៉ុប] និងជាពិសេសទីផ្សារការងារ បង្ហាញថា អតិផរណាអាចខ្ពស់ជាងអ្វីដែលយើងរំពឹងទុក ហើយបន្ថែមថា អតិផរណាស្នូលនឹងធ្លាក់ចុះកាន់តែយឺតខ្លាំង ខណៈកំណើន ប្រាក់ឈ្នួលរក្សាអតិផរណាក្នុងវិស័យសេវាកម្មខ្ពស់។
៣. ភាពវឹកវរកូវីដនៅចិន
នៅដើមខែធ្នូ ចិនបានទម្លាក់ចោលគោលនយោបាយ សូន្យ កូវីដរបស់ខ្លួន ដែលបង្កជាការព្រួយបារម្ភថា ការឆ្លងរាល ដាល កូវីដនៅប្រទេសនេះ នឹងកើនឡើងធ្ងន់ធ្ងរ ហើយបង្កឱ្យមានការ រំខានរយៈពេលខ្លីដល់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំ ជាងគេទី២របស់ពិភពលោក។ បែបនេះ អាចធ្វើឱ្យប៉ះពាល់ ដល់ការងើបឡើងវិញដ៏ផុយស្រួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលស្របពេលដែលពិភពលោកកំពុងមានក្ដីបារម្ភពីហានិភ័យនៃវីរុសកូរ៉ូណាបំលែងប្រភេទថ្មីដែលកំពុងកើតឡើង ហើយរីករាល ដាលទៅកាន់តំបន់ផ្សេងៗ។
ទោះយ៉ាងណាក៏ដោយ ក៏មានសុទិដ្ឋិនិយមខ្លះដែរចំពោះ កំណើនសេដ្ឋកិច្ចចិននៅចុងបញ្ចប់ឆ្នាំ ២០២៣ ជាមួយនឹងការ ជំរុញដ៏ធំដែលជាលទ្ធផលនៃការទម្លាក់ចោលគោលនយោបាយសូន្យកូវីដ និងការគាំទ្ររបស់ចិន លើវិស័យអចលនទ្រព្យ ដែលរួមចំណែកជិត ១/៤នៃទិន្នផលសេដ្ឋកិច្ចរបស់ចិន។
លោក Christian Nolting ប្រធានផ្នែកវិនិយោគរបស់ធនាគារ Deutsche Bank បានថ្លែងក្នុងកំណត់ត្រាមួយទៅ កាន់អតិថិ ជន ថា៖ «ការងើបឡើងវិញរបស់ចិន រួមជាមួយនឹងការបើក ឡើងវិញក្នុងតំបន់ មានន័យថា អាស៊ីអាចមានឆ្នាំ ២០២៣ ដ៏ល្អ»។ លោកបន្តថា ការងើបឡើងវិញអាចធ្វើឱ្យមានស្ថិរភាព សេដ្ឋកិច្ចនៃប្រទេសជិតខាង និងប្រទេសនាំចេញទំនិញជា ច្រើន (ដូចជាបណ្ដាប្រទេសនៅអាមេរិកឡាទីន)ដោយសារចិនគឺជាប្រទេសដែលប្រើប្រាស់ទំនិញដ៏ធំមួយ។
៤. វិបត្តិថាមពល
ភាពមិនច្បាស់លាស់នៃស្ថានភាពថាមពលជាពិសេសនៅអឺរ៉ុបនឹងបន្តធ្វើឱ្យរដ្ឋាភិបាលមួយឈឺក្បាលនៅឆ្នាំ ២០២៣ នេះ។
អឺរ៉ុបប្រហែលជាអាចគេចផុតពីវិបត្តិថាមពលក្នុងរដូវរងានេះ ដោយសារអាកាសធាតុមិនសូវហួតហែង (ត្រជាក់ខ្លាំង) ហើយអ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ថាមពលរបស់ខ្លួន។ តម្រូវការទាបសម្រាប់កំដៅមានន័យថា កន្លែងស្តុកទុក ថាមពល ក្នុងតំបន់ដែលមានថាមពលពេញនោះ នៅតែស្ថិត ក្នុងកម្រិតមួយល្អនៅចុងរដូវរងានេះ ហើយនោះទំនង ជា រក្សាតម្លៃហ្គាសហ្គាសមិនឱ្យហក់ឡើង ដែលនឹងធ្វើឱ្យ អតិផរណា ធ្លាក់ចុះ។
ទោះបែបនេះក្ដី ស្ថានភាពនៅតែអាចក្លាយជាបញ្ហាប្រឈម មុនរដូវរងាចុងឆ្នាំ ២០២៣ នេះ។ អ្នកជំនាញមើលឃើញថា ដោយសារតែការចំណាយប្រាក់ពាន់លានដើម្បីរកអ្នកផ្គត់ផ្គង់ថាមពលជំនួសពីរុស្ស៊ី ក៏ដូចជាដើម្បីការពារអ្នកប្រើប្រាស់ អឺរ៉ុប អាចនឹងជួបការលំបាកក្នុងការរកថាមពលបំពេញស្តុករបស់ខ្លួននៅឆ្នាំ ២០២៣ នេះ។
គេមើលឃើញថា ការប្រកួតប្រជែងសម្រាប់ឧស្ម័នធម្មជាតិ នឹងមានភាពស្វិតស្វាញ ជាពិសេសនៅពេលប្រទេសចិន បើកដំណើរការឡើងវិញ ហើយអ្នកទិញអាស៊ីដូចជា ជប៉ុន និងកូរ៉េ ចាប់ផ្តើមស្វែងរកប្រភពថាមពលបន្ថែមទៀត។ ហេតុដូចនេះ ហើយ ថាមពលនៅតែជាកត្តាហានិភ័យ មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយលោក Nolting បានចង្អុលបង្ហាញបន្ថែមថា អំពីកង្វះហ្គាសដែលកើតមាន ក្នុងរដូវងាបន្ទាប់ (ចុងឆ្នាំ ២០២៣ដើមឆ្នាំ ២០២៤)។
៥. ភាពតានតឹងភូមិសាស្រ្តនយោបាយ និងសង្រ្គាមបច្ចេកវិទ្យា
ភាពតានតឹងផ្នែកយោធា និងនយោបាយនឹងនៅតែបន្តស្ថិត ក្នុង ចំណោមហានិភ័យដ៏ធំបំផុតចំពោះសេដ្ឋកិច្ចសកល ដូចជា នៅឆ្នាំ២០២២ ដែរ។ ខណៈសង្គ្រាមរបស់រុស្ស៊ីនៅ អ៊ុយក្រែន បន្តអូសបន្លាយ ភាពតានតឹងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិន លើបញ្ហាតៃវ៉ាន់ ដែលជាអ្នកផលិតបន្ទះឈីបដ៏ធំ បំផុតមួយរបស់ពិភពលោកនោះ ក៏កើនឡើង។ នៅឯឧបទ្វីបកូរ៉េវិញ ការគំរាមកំហែងផ្នែកសព្វាវុធរបស់ កូរ៉េខាងជើង នឹងធ្វើឱ្យអ្នកវិនិយោគនានាមានការប្រុងប្រយ័ត្ន តែខ្លាំងលើការវិនិយោគរបស់ខ្លួន។
លោក Nolting បានលើកឡើងថា ភាពស្រពិចស្រពិលនៃ ដំណោះស្រាយសន្តិភាពលើសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន គឺ ជាភាពស្រពិតស្រពិលទៅលើដំណោះស្រាយនៃបញ្ហាផ្សេងៗទៀតដែលសង្រ្គាមនេះជះឥទ្ធិពលលើ ដូចជា បញ្ហាជនភៀស ខ្លួន ការរំខានដល់ការផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ សកល និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយខ្លាំងក្លា ជាដើម។
បន្ថែមពីនេះ នៅមានសមរភូមិដណ្ដើមឧត្តមភាព បច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និងចិន ដែលអាចកាន់តែខ្លាំងឡើងនៅឆ្នាំ ២០២៣ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានរឹតត្បឹតលើការ នាំចេញ បន្ទះឈីបទំនើប ឬឧបករណ៍ផលិតបន្ទះឈីប ទំនើបទៅចិននៅឆ្នាំមុន។
លោក Nolting បានគូសបញ្ជាក់ថា៖ «ជម្លោះពាណិជ្ជកម្ម បានផ្លាស់ប្តូរទៅជាកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ស្តង់ដាររយៈពេលវែង ដែលអាចអនុវត្តបាននៅក្នុងវិស័យសំខាន់ៗដូចជា អ៊ិនធឺណិត 5G ,បញ្ញាសិប្បនិម្មិត និងបន្ទះឈីប។ ភាពជោគជ័យ នឹងពង្រីកមូលដ្ឋានអំណាចរបស់ប្រទេស ណា មួយ ក្នុងរយៈពេលវែង ដែលជាហេតុធ្វើឱ្យភាគីទាំងពីរមិនចុះ ចាញ់ងាយៗនោះទេ»៕
ដោយ៖ហួន ឌីណា
ប្រភព៖ 5 economic challenges that await us in 2023
Recession will hit a third of the world in 2023, warns IMF chief Kristalina Georgieva