អត្រាអ្នកគ្មានការងារធ្វើនៅអាល្លឺម៉ង់ធ្លាក់ចុះនៅក្នុងឆ្នាំ ២០២២
ទីភ្នាក់ងារការងារសហព័ន្ធ (BA) របស់អាល្លឺម៉ង់ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា នៅឆ្នាំ ២០២២ តួលេខអ្នកគ្មានការងារធ្វើជាមធ្យមពេញមួយឆ្នាំនៅក្នុងប្រទេសអាល្លឺម៉ង់ មានចំនួន ២.៤២លាននាក់ តិចជាងឆ្នាំមុន ២០០,០០០នាក់។
Read. អត្រាគ្មានការងារធ្វើបានធ្លាក់ចុះ ០.៤ភាគរយ ខណៈតួលេខជាមធ្យមប្រចាំឆ្នាំ គឺ៥.៣ភាគរយ។ រដ្ឋមន្ត្រីក្រសួងការងារអាល្លឺម៉ង់ លោក ហ៊ូប៊ឺធើស ហែល បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីផ្សារការងារនៅតែមានស្ថិរភាពកាលពីចុងឆ្នាំ ២០២២ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចតានតឹងក៏ដោយ និងថា នេះជា«ព័ត៌មានវិជ្ជមានសម្រាប់ឆ្នាំថ្មី»។
បើយោងតាមតួលេខចុងក្រោយរបស់ទីភ្នាក់ងារការងារសហព័ន្ធ (BA) ប្រជាជនអ៊ុយក្រែនសរុបចំនួន ១៨៥,០០០នាក់បានចុះឈ្មោះជាអ្នកគ្មានការងារធ្វើនៅអាល្លឺម៉ង់កាលពីចុងឆ្នាំមុន តួលេខនេះកើនឡើងពីត្រឹមតែ ៨,០០០នាក់កាលពីខែកុម្ភៈកន្លងទៅ។
ការមកដល់នៃជនភៀសខ្លួនអ៊ុយក្រែនបានជំរុញឱ្យអត្រាអ្នកគ្មានការងារធ្វើកើនឡើងកាលពីពាក់កណ្តាលឆ្នាំមុន។ តួយ៉ាង នៅក្នុងខែធ្នូ ឆ្នាំ២០២២ មានអ្នកគ្មានការងារធ្វើជាង ២.៤៥លាននាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ច្រើនជាងឆ្នាំមុន ប្រហែល ១២៥,០០០នាក់។ នេះបើយោងតាមទីភ្នាក់ងារការងារសហព័ន្ធ (BA)៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា