គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង, បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមករា ខាងមុខ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹងដែលបានចេញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ គ.ជ.ប បានបញ្ជាក់ថា ចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖
*ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស
*ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និងពាក្យបណ្ដឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង
*ការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពលោក ហ៉ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ៕ ដោយ-រ៉ាវុធ