ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា អញ្ជើញ បញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់ព្រះពុទ្ធបដិមា នៅលេីខ្នងភ្នំបូកគោ ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី នគរូបនីយកម្ម និង សំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់ព្រះពុទ្ធបដិមា កម្ពស់ ១០៨ម៉ែត្រ នៅលេីខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្ថិតនៅក្រុងបូកគោ ខេត្តកំពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា ទន្ទឹមនឹងការអភិវឌ្ឍន៍នៅលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់លើវិស័យជំនឿសាសនាដែលជាវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរជាយូរលង់ណាស់មកហើយ ដោយបានបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រមានលក្ខណៈស្របតាមក្បួនខ្នាតទំនៀមទម្លាប់ព្រះពុទ្ធសាសនាដែលព្រះពុទ្ធបដិមានេះមានទំហំធំនិងកម្ពស់ខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជានិងស្ថិតនៅក្នុងចំណោមព្រះពុទ្ធបដិមាដែលមានកម្ពស់ខ្ពស់ៗនៅបណ្ដាប្រទេសក្នុងពិភពលោកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោនិងបានផ្ដួចផ្ដើមគំនិតសាងសង់ព្រះពុទ្ធបដិមានេះឡើងដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជានិងពិភពលោក។

លោកជំទាវឧកញ៉ា សុខ ចន្ថា តំណាងក្រុមហ៊ុនសុខាអូតែលបានឱ្យដឹងថា ដោយពិនិត្យឃើញមានបណ្ដាប្រទេសជាច្រើននៅលើពិភពលោកជាពិសេសប្រទេសកាន់ព្រះពុទ្ធសាសនាបានសាងសង់ព្រះពុទ្ធរូបធំៗដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធនិងជាទីសក្ការៈប្រកបដោយភាពទាក់ទាញតាមរចនាបទប្រទេសនីមួយៗនោះ ដូច្នេះហើយទើបក្រុមហ៊ុនសុខាអូតែល មានគំនិតផ្ដួចផ្ដើមសាងសង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោស្ថិតក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនប្រតិបត្តិធម៌និងឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿងជានិច្ចនិរន្តតរៀងទៅសម្រាប់ប្រជាពលរដ្ឋនិងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។

គម្រោងសាងសង់ព្រះពុទ្ធបដិមានេះត្រូវបានធ្វើការសិក្សានិងសាងសង់ស្ថាបត្យកម្មដោយយុវស្ថាបត្យករជាកុលបុត្រកុលធីតាខ្មែរមួយក្រុមដោយមានការផ្ដល់យោបល់បន្ថែមពីក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថាននិងចូលរួមដោយក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពត៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner