អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង
ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃទី៤ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គិតមកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ តាមកិច្ចសន្យារវាងក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុនសាងសង់ គឺប្រើរយៈពេលសាងសង់ជាង ២០ខែ ដោយបញ្ចប់ការងារនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តម បន្ដថា បើតាមសេចក្ដីរាយការណ៍សង្ខេបពីក្រុមហ៊ុននាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿនជាងតាមផែនការដែលបានគម្រោងទុក។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលេីកឡេីងថា អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។ ឯកឧត្តម បានចាត់ទុកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។
សូមរំលឹកដែរថា អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយគម្រោងបញ្ចប់ការងារសាងសង់ នៅខែសីហា ឆ្នាំ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង ៕ ដោយ-រ៉ាវុធ