នៅឆ្នាំ២០០១ លោក Andy Brouwer ធ្វើដំណើរជាលើកដំបូងទៅកាន់ប្រាសាទកោះកេរ ដែលធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរនាសតវត្សទី១០

អត្ថបទដោយ៖
AMS OneMinute

លោកបានជិះម៉ូតូ ឆ្ពោះពីកំពង់ធំទៅកាន់ស្រុកត្បែងមានជ័យ ដោយសម្រាកនៅស្រុកត្បែងមានជ័យមួយយប់ មុននឹងបន្ដដំណើរឆ្ពោះទៅទិសខាងលិច លើផ្លូវដែលលំបាកខ្លាំងប្រវែង ៧០គីឡូម៉ែត្រទៀត មុននឹងទៅដល់ប្រាសាទកោះកេរដែលមានឈ្មោះល្បីល្បាញលើផ្នែកស្ថាបត្យកម្ម និងចម្លាក់របស់ប្រាសាទ។

ប្រាសាទកោះកេរនេះធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរចាប់ពីឆ្នាំ៩២៨ នៃគ.ស អំឡុងពេលដែលព្រះបាទជ័យវរ្ម័នទី៤ បានសាងសង់បូជនីយដ្ឋានជាច្រើនកន្លែងជាបន្តបន្ទាប់។

លោក Andy បានមកដល់ប្រាសាទនាងខ្មៅ និងប្រាសាទធំ។ ប្រាសាទនាងខ្មៅបែរមុខទៅទិសខាងលិច និងមានតួប្រាសាទធ្វើពីថ្មបាយក្រៀម។ នៅពេលឆ្លងកាត់តាមច្រកទ្វារថ្មភក់ ដែលមានផ្ដែរក្បាច់ផ្កា ទ្រដោយសសរឈើ អមដោយសសរពេជ្រមានក្បាច់ចម្លាក់ល្អប្រណិត ជាមួយនឹងទម្រប្រាសាទដ៏ល្អឯក លោកបានឃើញបំណែកសិវៈលិង្គ ដែលបាក់បែករាយប៉ាយក្នុងបរិវេណប្រាសាទ។ ដោយឡែក ចំពោះប្រាសាទធំវិញ ច្រកចូលគោបុរៈភាគខាងកើតនៃប្រាសាទ ត្រូវបានឃាំងដោយសសរថ្មភក់ដែលបាក់ធ្លាក់ ហើយរុក្ខជាតិជាច្រើនបានដុះបាំងជិតនូវទីកន្លែងផ្សេងៗទៀត។

សព្វថ្ងៃ រដ្ឋាភិបាលកម្ពុជា បានកំណត់ទីតាំងក្រុមប្រាសាទកោះកេរនេះជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ហើយគ្រោងនឹងអភិវឌ្ឍក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ។

📚 https://facebook.com/ams1minute/posts/pfbid0CYyMzghRkRba5KPaLvPhGDWPK8KYrfUuncuWSD7Z2pKKPjq3vofjWDoadTmF9HVHl

#ams1minute

ads banner