មេដឹកនាំអាមេរិក និងជប៉ុន នឹងជួបគ្នានៅសប្ដាហ៍ក្រោយ

អាមេរិក៖ សេតវិមានបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានា ធិបតី សហរដ្ឋអាមេរិក ចូ បៃដិន គ្រោងនឹងជួបប្រជុំគ្នាជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា នៅសេតវិមាន នៅថ្ងៃទី ១៣ ខែមករា ចំពេលដែលភាពតានតឹងនៃភូមិសាស្រ្ត នយោបាយតំបន់ និងពិភពលោកធំៗកើនឡើង។

សេតវិមានបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា មេដឹកនាំ ទាំងពីរ នឹងពិភាក្សាអំពី៖ «បញ្ហាក្នុងតំបន់ និងពិភពលោក ជាច្រើន រួមទាំងអាវុធប្រល័យលោកខុសច្បាប់របស់ សាធារណ រដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងកម្មវិធីមីស៊ីលផ្លោង សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការរក្សា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

ជំនួបរវាងមេដឹកនាំអាមេរិក និងមេដឹកនាំជប៉ុន ដែលជាសម្ព័ន្ធ នៅអាស៊ីដ៏សំខាន់ នឹងរៀបចំទៅស្របពេលដែលប្រទេស ទាំងពីរ ស្វែងរកការទប់ទល់នឹងការកើនឡើងឥតឈប់ឈរ នៃឥទ្ធិពលរបស់ចិន ខណៈកូរ៉េខាងជើងបង្កើនការគំរាមកំហែង ក្នុងតំបន់ សតាមរយៈការបាញ់សាកល្បងមីស៊ីលផ្លោង ជាញឹកញាប់ ហើយអំពាវនាវពង្រីកការផលិតអាវុធនុយក្លេអ៊ែរ។

លោក គីហ្ស៊ីដា គ្រោងនឹងពិភាក្សាអំពីគោលនយោបាយ សន្តិសុខ ថ្មីរបស់ទីក្រុងតូក្យូដែលប្រកាសឡើងកាលពីខែធ្នូ ដើម្បីកសាងយោធាដ៏ធំបំផុតរបស់ប្រទេសជប៉ុន ចាប់តាំងពី សង្គ្រាមលោកលើកទី ២។

នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន យូមូរី(Yomiuri) ដែលបានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់ប្រភពមន្រ្តីរដ្ឋាភិបាលជប៉ុនជាអនាមិក។

សេតវិមានវិញបានឱ្យដឹងថា លោក បៃដិន នឹងបញ្ជាក់ជាថ្មីម្តង ទៀត នូវការគាំទ្រពេញលេញរបស់លោក ចំពោះយុទ្ធសាស្ត្រ សន្តិសុខជាតិរបស់ប្រទេសជប៉ុន ដែលទើបចេញផ្សាយថ្មីៗ នេះ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានបន្ថែមថា៖ «មេដឹកនាំទាំងពីរនឹង អបអរសាទរភាពខ្លាំងដែលមិនធ្លាប់មានពីមុនមក របស់សម្ព័ន្ធ ភាពអាមេរិក-ជប៉ុន ហើយនឹងកំណត់ផ្លូវសម្រាប់ភាពជាដៃគូទ្វេ ភាគីនៅឆ្នាំខាងមុខ»។

គួររំឭកថា ក្នុងដំណើរទស្សនកិច្ចទៅជប៉ុនកាលពីខែឧសភា លោក បៃដិន បានសាទរចំពោះការប្តេជ្ញាចិត្តរបស់លោក គីហ្ស៊ីដា ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុន។ ផែនការការពារជាតិថ្មីរបស់ជប៉ុន ដែលត្រូវការចំណាយ ៣២០ ប៊ីលានដុល្លារ រួមមានទាំងការទិញមីស៊ីលដែលមានសមត្ថភាព ក្នុងការវាយប្រហារបកទៅចិន និងត្រៀមប្រទេសសម្រាប់ ជម្លោះប្រកបដោយនិរន្តរភាព ចំពេលមានក្តីបារម្ភថា ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញចិនឱ្យធ្វើចលនា ប្រឆាំងនឹងតៃវ៉ាន់ ដែលជាអ្នកជិតខាងរបស់ជប៉ុន។

ឆ្នាំ ២០២៣ នេះ ជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃក្រុម ប្រទេសទាំង៧ (G7) ដែលរួមទាំងកិច្ចប្រជុំកំពូលរបស់ មេដឹកនាំ នៅខែឧសភាខាងមុចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលលោក បៃដិន គ្រោងនឹងចូលរួមផងដែរ។ G7 ដែលរួមបញ្ជូលប្រទេស ៥ទៀតរួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា បានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ លោក បៃដិន ក្នុងការធ្វើឱ្យសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក មាន ភាពរស់រវើកឡើងវិញ ដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីចិន រុស្ស៊ី ក៏ដូចជាប្រទេសផ្សេងទៀតរួមមានកូរ៉េខាងជើង។

ប្រធានកម្មវិធីជប៉ុននៅមជ្ឈមណ្ឌលគិតគូរអំពីយុទ្ធសាស្ត្រ និងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន លោក Christopher Johnstone បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌ មានរ៉យទ័រថា ដំណើរទស្សនកិច្ចរបស់លោក គីហ្ស៊ីដា នៅថ្ងៃទី១៣នេះ នឹងពង្រឹងជំហររបស់ជប៉ុនក្នុងនាមជា សម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។ លោកបន្តថា លោក គីហ្ស៊ីដា នឹងស្វែងរកការគាំទ្រពីលោក បៃដិន លើយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិរបស់ជប៉ុន៕ ដោយ៖ ហួន ឌីណា

ads banner