ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ប្រវត្តិសាស្ត្រក្នុងរយៈពេល ៤៤ឆ្នាំមកនេះកម្ពុជាបានពុះពារឆ្លងកាត់ជាច្រើនដំណាក់កាលមកហើយ នោះក៏ជាព្រឹត្តិការណ៍ត្រូវចងចាំនិងទុកជាបទពិសោធន៍នាពេលអនាគត
ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍លើកឡើងថា ប្រវត្តិសាស្ត្រក្នុងរយៈពេល ៤៤ឆ្នាំមកនេះដែលកម្ពុជាបានពុះពារឆ្លងកាត់ជាច្រើនដំណាក់កាលមកហើយនោះក៏ជាព្រឹត្តិការណ៍ត្រូវចងចាំនិងទុកជាបទពិសោធន៍នាពេលអនាគត។ ជាក់ស្តែង ទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០២៣មានរយៈពេល ៤៤ឆ្នាំហើយ ដែលកម្ពុជាត្រូវបានរំដោះរួចចាកផុតពីរបបដ៏ខ្មៅងងឹតកម្ពុជាប្រជាធិបតេយ្យ ដែលមានតែឈាមនិងទឹកភ្នែក និងការកាប់សម្លាប់យ៉ាងអយុត្តិធម៌ មកលើប្រជាពលរដ្ឋ ហើយទទួលបានពន្លឺនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍន៍ជាថ្មីឡើងវិញក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ការថ្លែងបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងឱកាស ដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សរុប ២១៣៥នាក់ ដែលបានចូលរួមនាពេលនេះ និងឪពុកម្ដាយអាណាព្យាបាលសិស្ស ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងក្រុងសួង ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ដោយសារមានថ្ងៃរំដោះ ៧មករាឆ្នាំ ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ក្នុងនោះមានការអភិវឌ្ឍន៍លើគ្រប់វិស័យរួមទាំង វិស័យអប់រំផងដែរ ស្របពេលកម្ពុជា កំពុងស្ថិតនៅក្រោមម្លប់សុខសន្តិភាព ដែលសម្ដេចតេជោបានរកមកដោយលំបាក ដូច្នេះហើយយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ទៅមុខទៀតបន្តដល់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានចូលរួមអបអរសាទរចំពោះសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ក្នុងស្រុកត្បូងឃ្មុំមាន ៥៧៤នាក់មានសិស្សនិទ្ទេសA ៣នាក់ ស្រុកក្រូចឆ្មារ ៣១៥នាក់មាននិទ្ទេសA ៥នាក់ ស្រុកមេមត់ ៥៤៦ នាក់មាននិទ្ទេសA 2នាក់ និងក្រុងសួង ៣៤៦នាក់មាននិទ្ទេសA ៨នាក់ សាលាឯកជន ៦៧នាក់មាននិទ្ទេសA ១នាក់ សិស្សស្វ័យរិននិងបំពេញវិជ្ជា ២៨៧នាក់សរុប ២១៣៥នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលជោគជ័យនៃការប្រឡងនេះថា ជាកិត្តិយសរបស់សិស្សខ្លួនឯងផង ឪពុកម្ដាយអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូផង ដែលទាំងនេះពិតជាបានមកពីការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដក្នុងការបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលអាចបញ្ជាក់ថា អ្នកចេះគឺជាប់។ ទាំងនេះក៏បានមកដោយសារ សម្ដេចតេជោ បានដឹកនាំធ្វើកំណែទម្រង់លើវិស័យអប់រំ និងការអនុវត្តផ្ទាល់ ពីក្រសួងអប់រំយុវជន និងកីឡា ទើបយើងអាចទទួលបានធនធានមនុស្សប្រកបដោយគុណភាពពិតប្រាកដសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ៕

ដោយ៖ ង៉ាន់ ទិត្យ