ក្រសួងសុខាភិបាល ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួង
ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ក្រសួង សុខាភិបាល នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែមករា ឆ្នាំ ២០២២នេះ បានចេញ សេចក្តី ជូន ព័ត៌មាន ស្តីពីការ ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។
នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង សុខាភិបាល បញ្ជាក់ថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar”. POST ACNE – គ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល ដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងឈ្មោះ Hinuscar” POST ACNE មានលេខ ប្រវេទន៍ CAM(6822CN-21 ដែលចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទលើសំបកវេចខ្ចប់ ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿងសម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕ ដោយ ៖ ប៊ុនធី និងភារ៉ា