ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ ករណីបាញ់ប្រហារនៅខណ្ឌព្រែកព្នៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំង នគរបាលខណ្ឌ ព្រែកព្នៅ បានឃាត់ខ្លួន ជនដៃដល់ ចំនួន ៣នាក់ ដែលពាក់ពន្ធ័ ករណីបាញ់ប្រហារ នៅខណ្ឌព្រែកព្នៅ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ របស់មន្ដ្រីនគរបាលនគរបាលខណ្ឌព្រែកព្នៅ បាន បញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន ១៖ ឈ្មោះ សួង សៀម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៦២ ផ្លូវ៤៧ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២៖ ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៣ ស់ង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣៖ ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលត្រូវរងរបួស ចំនួន៣នាក់ ក្នុងករណីបាញ់ប្រហារ ខាងលើនេះ រួមមាន៖ ១៖ ឈ្មោះ ថុល គឹមលី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅផ្ទះលេខ ៣១៦ ផ្លូវបេតុង ភូមិអណ្តង់៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ ចៅ ម៉េងហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៧២ ផ្លូវបេតុង ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និង៣៖ ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ០១ឆ្នាំ០៥ខែ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវបេតុង ភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយពីឃាត់ខ្លួន ក៏មានចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ថា៖ ជនសង្ស័យទី១.ឈ្មោះ សុខ ទិត្យ និងទី២.ឈ្មោះ ពៅ រតនា ពួកខ្លួនពិតជាបានវាយទៅលើជនសង្ស័យឈ្មោះ សួង សៀម ប្រាកដមែន ចំណែកជនសង្ស័យ ឈ្មោះ សួងំ សៀម ពិតជាបានយកកាំភ្លើងបាញ់ទៅលើផ្លូវបេតុងបណ្តាលឱ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ ខាងលើប្រាកដមែន៕ដោយ ៖ ភារ៉ា និងប៊ុនធី