ពលរដ្ឋកម្ពុជា មិនភ្លេចរបបវាលពិឃាតប៉ុលពត និងសំណូមពរឱ្យថែរក្សសុខសន្តិភាព
ភ្នំពេញ៖ បើទោះបីច្រើនឆ្នាំកន្លងផុតទៅក្តី ប៉ុន្តែប្រជាពលពលរដ្ឋកម្ពុជានៅតែចងចាំពីរបបអាវខ្មៅប៉ុលពតដែលបានកាប់សម្លាប់ពលរដ្ឋកម្ពុជា អស់ជាង ៣លាននាក់ ដ៏សែនឃោឃៅ និង ទារុណកម្មនាកន្លងមក។
តាមរយៈការបានឆ្លងកាត់របបដែលមិនអាចបំភ្លេចបានទាំងនេះត្រូវបានប្រជាពលរដ្ឋកម្ពុជាមួយចំនួនបង្ហាញការដឹងគុណថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩មិនអាចបំភ្លេចបានសោះឡើយ ហើយព្រមជាមួយគ្នាបានអំពាវនាវឱ្យមានការទប់ស្កាត់របបបែបនេះកុំឱ្យកើតមាននៅកម្ពុជា ព្រមជាមួយរួមគ្នាការពារសុខសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្ន ។
ពលរដ្ឋបានលើកឡើងថាសច្ចធម៌ប្រវត្តិសាស្រ្តមួយនេះមិនអាចបំភ្លៃបានទេ ការពលីជីវិតរបស់កងទ័ពរណស្សិរំដោះជាតិកម្ពុជា និងកងទ័ពវៀតណាម ដែលមករំដោះជីវិតប្រជាជនកម្ពុជាពីរបបវាលពិឃាតខ្មែរក្រហម។ សម្រាប់ថ្ងៃ៧ មករា មិនត្រឹមតែកំណើតទី២ របស់ប្រជាពលរដ្ឋនោះទេ តែ ៧ មករា ក៏ជាជីវិតថ្មីដែលទទួលបានសុខសន្តិភាពនិងការរីកចម្រើនរបស់ពលរដ្ឋកម្ពុជាដូចបច្ចុប្បន្នផងដែរ។
ក្នុងការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៣)នេះដែរ លោកស្រី វ៉ា លាន ដែលជាអ្នកបានឆ្លងកាត់វាលពិឃាតនៃរបបប្រល័យពូជសាសន៍ ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា៖នៅពេលនឹកឃើញរបប ប៉ុលពតពេលណា លោក ស្រី តែងឈឺចាប់ និងខ្លោចផ្សាចំពោះក្រុមពួកអាវខ្មៅមិនអាចបំភ្លេចបានសោះឡើយ។ក្នុងរយៈពេលរស់នៅជាមួយរបបនេះជាង៣ឆ្នាំអ្នកស្រីទទួលរងការបាត់បងប្អូន ឪពុកម្តាយស្ទើរអស់។
ស្រ្តីវ័យជាង៦០ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ថា៖”ខ្ញុំជាអ្នកដែលបានឆ្លងកាត់រស់នៅរបបនេះគឺមិនអាចបំភ្លេចបានពីភាពឃោរឃៅដែលកាប់សម្លាប់ បង្ខំឱ្យធ្វើការទាំងយប់ទាំងថ្ងៃ និងបង្អត់អាហារធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតគ្មានសល់នេះសោះឡើយ។នឹកឃើញកាលណាខ្ញុំខ្លោចផ្សាណាស់។ហេតុនេះខ្ញុំសុំឱ្យយុវជនជំនាន់ក្រោយរួមគ្នាទប់ស្កាត់របបនេះ ហើយមានតែសុខសន្តិភាពទេដែលទប់ស្កាត់របបមួយនេះមិនឱ្យវិលមកវិញបាន”។
ជុំវិញថ្ងៃ ៧មករានេះដែរ អ្នកស្រី ជុំ មករា ដែលជាអ្នករស់នៅរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា៖ទុក្ខវេទនា ក្តីឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរបបប្រល័យពូជសាសន៍នេះ ទោះបីបានរសាត់បាត់ទៅអស់រយៈពេលជាង ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែទុក្ខវេទនា និងការឈឺចាប់ហួសប្រមាណនេះ នៅតែដក់ជាប់ជានិច្ចនៅក្នុងការចងចាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់នៅក្នុងរបបមួយនេះ។ទោះបីអ្នកស្រីពុំបានឆ្លងកាត់របបនេះតែអ្នកស្រីក៏មានការភ័យខ្លាចរបបនេះមិនចាញ់អ្នកបានឆ្លងកាត់របបនេះដែរ។
ស្រ្តីរូបនេះបានលើកឡើងថា៖ បើគ្មានថ្ងៃ៧មករាក៏អ្នកស្រីគ្មានថ្ងៃនេះដែរ ហេតុនេះអ្នកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាទប់ស្កាត់របបនេះឱ្យខានតែបាន ហើយអ្វីដែលសំខាន់នោះត្រូវរួមគ្នថែរក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល ហើយដាច់ខាតមិនត្រូវជឿឃោសនាអកុសលពីក្រុមមនុស្សមួយចំនួនឡើយ។
ជាអ្នកបានឆ្លងកាត់របបប៉ុលពត និងបើទោះបីនៅក្មេងសេចក្តីនាសម័យនោះក្តី តែអ្នកនាង គឹម កញ្ញារដ្ឋ អ្នករស់នៅរាជធានីភ្នំពេញមួយរូបទៀត បានបង្ហាញការគាំទ្រថ្ងៃ៧មករាថាជាថ្ងៃតែមួយគត់ដែលធ្វើអ្នកនាងរស់រានមានជីវិតដូចសព្វថ្ងៃ ។ អ្នកនាងចង់ឱ្យមានការថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងយុវជនជំនាន់ក្រោយមិនត្រូវភ្លេចខ្លួន ហើយចូលរួមថែរក្សាការពារសុខសន្តិភាពរបស់យើងឱ្យបានគង់វង្សជានិច្ចនិរន្តតទៅ ៕ ដោយ៖ ម៉ាដេប៉ូ