ខេត្តមណ្ឌលគិរីកាន់តែមានសក្ដានុពលផ្នែកកីឡាទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត នាថ្ងៃ១៣-១៥ ខែមករាខាងមុខ
(មណ្ឌលគិរី)៖ ខេត្តមណ្ឌលគិរី ដែលល្បីថាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនាភាគឦសានប្រទេសនោះ នឹងត្រូវបានផ្សព្វផ្សាយពីសក្ដានុពលកីឡា និងទេសចរណ៍ទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ឆាប់ៗខាងមុខ។
គួរជម្រាបថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា នៅទីលាន១២ម៉ូទ័រផាក ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា។
ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នេះឱ្យកាន់តែល្អ រដ្ឋបាលខេត្តមណ្ឌលគិរី និងក្លឹបរថយន្ត OFF ROAD គោព្រៃមណ្ឌលគិរី ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាគ្នានាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តមណ្ឌលគិរី។
នាឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបង្ហាញការជឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ចាប់ថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនោះ នឹងចូលរួមផ្សព្វផ្សាយពីសក្ដានុពលកីឡា និងទេសចរណ៍នៅក្នុងខេត្តទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀត។
លោកអភិបាលរងខេត្តបានបង្ហាញការស្វាគមន៍ព្រឹត្តិការណ៍នេះយ៉ាងពេញទំហឹង។ លោកបានគាំទ្រនិងមានការពេញចិត្តចំពោះការខិតខំរៀបចំ និងការចំណាយថវិកាដ៏ច្រើនក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាកនេះ។
លោក ជាក់ ម៉េងហ៊ាង បានបន្តថា កីឡាករគ្រប់វិស័យទាំងអស់ គឺបានចូលរួមបង្ហាញពីអត្តសញ្ញាណជាតិ លើកស្ទួយកិត្យានុភាពជាតិនៅចំពោះមុខអន្តរជាតិនានា ហើយប្រសិនកីឡានោះមានការពេញនិយមខ្លាំង ក៏នឹងជួយផ្សព្វផ្សាយពីទីតាំង គោលដៅទេសចរណ៍ទៀតដែរ តួយ៉ាងដូចជាកីឡាប្រណាំងរថយន្តនេះជាដើម។
លោកបានថ្លែងយ៉ាងដូច្នេះថា «ខេត្តមណ្ឌលគិរីក៏ជាខេត្តគោលដៅទេសចរណ៍មួយដ៏ទាក់ទាញនាភាគឦសាន ហើយព្រឹត្តិការណ៍ប្រណាំងរថយន្តនេះ ក៏ជួយផ្សព្វផ្សាយបន្ថែមទៀតថា ខេត្តមណ្ឌលគិរីក៏អាចរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ ដូចជាការប្រណាំងរថយន្ត Off Road»។
លោក សាន់ ដារិទ្ធ ប្រធានក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី បានថ្លែងដែរថា « គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣នេះ គឺចង់ឱ្យខេត្តមណ្ឌលគិរីមានព្រឹត្តិការណ៍ធំ ផ្សព្វផ្សាយពីសក្ដានុពលក្នុងខេត្ត ហើយក៏ជាកាដូពិសេសមួយសម្រាប់លោក ថង សាវុន ដែលទើបមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី»។
លោក សាន់ ដារិទ្ធ បានប្ដេជ្ញាខិតខំរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរីនេះឱ្យបានល្អប្រសើរ រួមចំណែក្នុងការលើកស្ទួយមុខមាត់ខេត្ត ក៏ដូចជាមុខមាត់កម្ពុជា ខណៈព្រឹត្តិការណ៍ប្រណាំងរថយន្តនេះគឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិនៅអាស៉ី ហើយក៏មានកីឡាករជាតិនិងអន្តរជាតិចូលរួមច្រើនណាស់ដែរ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ជាក់ ម៉េងហ៊ាង ក៏បានណែនាំដល់ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ ក្រុមការងារគ្រប់ផ្នែក ត្រូវចូលរួមសហការរៀបចំក្រុមទទួលបន្ទុកតាមផ្នែក ដូចជា កិច្ចការពិធីការនិងបដិសណ្ឋារកិច្ច ការប្រណាំង ការផ្ដល់ពិន្ទុ សន្តិសុខនិងសណ្ដាប់ធ្នាប់ ចរាចរណ៍និងសុវត្ថិភាព សុខាភិបាល ការស្នាក់នៅនិងអាហារ ព័ត៌មាននិងការផ្សព្វផ្សាយ ក្រុមបច្ចេកទេសជាដើម។
មិនតែប៉ុណ្ណោះ លោកអភិបាលរងខេត្តក៏បានណែនាំទៅកាន់រដ្ឋបាលសាលាខេត្ត ត្រូវគោរពអញ្ជើញ ជូនដំណឹង និងផ្សព្វផ្សាយទៅដល់មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ពិសេសគឺប្រជាពលរដ្ឋទាំងក្នុងទីរួមខេត្ត និងនៅតាមស្រុក ឃុំ ដើម្បីទាក់ទាញការចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលជាការជំរុញចលនាទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរីបន្ថែមទៀត។
កាលពីពេលថ្មីៗនេះ លោក ព្រំ រស្មី ប្រធានគណៈកម្មការរៀបចំការប្រកួតប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ក៏បានបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road នេះ ក៏ដើម្បីអបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ទីលាន១២ម៉ូទ័រផាកផងដែរ ដែលជាទីលានប្រកួតកីឡាប្រណាំងយានយន្តប្រកបដោយលក្ខណៈស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា។ ទីលាន១២ម៉ូទ័រផាកនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ៩៣ហិកតា ដែលជាទីលានធំជាងគេនិងលេខ១នៅកម្ពុជា ជាមួយនឹងផ្លូវប្រណាំងបែបធម្មជាតិ និងផ្លូវបែបកែច្នៃ សរុបជាង១០ខ្សែដែលអាចប្រណាំងបាន មានគ្រប់ស្ថានភាពផ្លូវ គ្រប់រសជាតិ ថ្ម ទឹក ភក់ជាដើម ដូចទៅនឹងអ្វីដែលអ្នកជំនាញប្រណាំងរថយន្ត Off Road រូបនេះ ធ្លាប់ឆ្លងកាត់ប្រណាំងជាច្រើនប្រទេសក្នុងតំបន់អាស៊ាន។
លោក ព្រំ រស្មី បានបន្ថែមថា ក្នុងការប្រកួតរថយន្ត Off Road នេះដែរ គឺត្រូវបានបែងចែកជា៣ប្រភេទ (Class) រួមមាន Class A សម្រាប់កីឡាករជំនាញ (Hard core), Class B កីឡាករមធ្យម (Light core) និង Class C សម្រាប់កីឡាករចូលរួមដំបូង (Overland)៕ ចាន់ វិចិត្រ