សម្ដេចក្រឡាហោម ស ខេង៖ អត្តពលិកកីឡាក្រសួងមហាផ្ទៃ មានបេសកម្មតំណាងអោយជាតិ នាឆ្នាំ២០២៣
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អត្តពលិកកីឡាក្រសួងមហាផ្ទៃ ចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនគ្រាន់តែជាកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក្នុងនាមព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៍លើកឡើងគ្រាសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តិទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអោយដឹងថា បច្ចុប្បន្ននេះវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឡែកវិស័យកីឡាក្នុងកងកម្លាំងនគរបាលជាតិក៏មានសន្ទុះខ្លាំងក្លា ទាំងក្នុងការប្រកួតក្របខណ្ឌជាតិ និងអន្តរជាតិ កត្តាទាំងអស់នេះ គឺដោយមានការជួយឧបត្ថម្ភ និងការគាំទ្រ ជ្រោមជ្រែងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម និងកិច្ចសហការពីភាគី ពាក់ព័ន្ធនានា ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខា ធិការដ្ឋាន ធានាបាននូវប្រសិទ្ធភាពការងារ និងគុណភាពនៃការបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី ស្របតាមស្ដង់ដារកំណត់។ ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម បានធ្វើអត្តពលិកកីឡាក្រសួងមហាផ្ទៃ ទទួលបានជោគជ័យទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ទាំង៣លើក ក្នុងឆ្នាំ២០១៦,២០១៨ និង២០២២ថ្មីៗនេះ កីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុប ៤១៣គ្រឿង មេដាយមាស២១៣គ្រឿង ប្រាក់១១៣គ្រឿង និងសំរឹទ្ធ៨៧គ្រឿង នឹងឈរចំណាត់ថ្នាក់លេខ១ ៣ព្រឹត្តការណ៍ជាប់ៗគ្នា។ រីឯព្រឹត្តការណ៍ប្រកួតអន្តរជាតិ នៅប្រទេសមួយចំនួនដូចជា ចិន, ហូឡង់ដ៍, កូរ៉េ, និងជាដើម អត្តពលិកកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុប ១៥៦គ្រឿង មាស៤២ ប្រាក់៦៨ និងសំរឹទ្ធ៤៦ ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អត្តពលិកកីឡាក្រសួងមហាផ្ទៃ ចូលរួមការប្រកួតព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនមែនគ្រាន់តែជាកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក្នុងនាមព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរសម្តេច ក៏ស្នើ អោយថ្នាក់ដឹកនាំ យកចិត្តទុកដាក់លើបញ្ហាគ្រឿងញាន ចំពោះកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃទំាងអស់ ចាំបាច់ត្រូវធ្វើតេស្តិ៍រកសារធាតុញៀនជាប្រចាំ និងមានការបញ្ជាក់ពីកាតធ្វើតេស្តជាមុនសិន បើអវិជ្ជមានអនុញ្ញាតិអោយចូលរួមជាមួយប្រកួត ប្រសិនបើពិនិត្យរកឃើញសារធាតុញាន មិនអនុញ្ញាតឲ្យហ្វឹកហាត់ ប្រកួត និងមិនអនុញ្ញាតិអោយជាកីឡាករក្រសួងមហាផ្ទៃដែរ ថែមទាំងលុបឈ្មោះចេញពីក្របខណ្ឌផងដែរ។ សម្តេចក្រឡាហោម បានជម្រុញអោយ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបន្ដខិតខំប្រឹងប្រែង ធ្វើអោយវិស័យកីឡា ក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងចូលរួមចំណែកលើកស្ទួយនូវវិស័យកីឡារបស់ប្រទេសកម្ពុជា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមមទៀត ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាក្រោយខកខាន៦៤ឆ្នាំ អោយទទួលបានជោគជ័យជូនជាតិ។
សូមរំលឹកថា ក្រុមប្រឹក្សាកីឡាកងរាជតម្រួតកម្ពុជា ដែលជាអង្គការកីឡាដំបូង នៃកងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងដោយស្នាមព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះទ្រង់ក៏ជាព្រះបិតា កីឡាជាតិ ក្នុងឆ្នាំ១៩៥៩ ។ ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែទម្រង់ឡើងវិញ នៅឆ្នាំ២០១៣ មានឈ្មោះថា «សហភាពកីឡានគរបាលជាតិកម្ពុជា»ហើយចុងឆ្នាំ២០១៩ កែសម្រួលជាថ្មី និងប្តូរឈ្មោះមកជា«ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ» តាមអនុក្រឹត្យលេខ៥១ អនក្រ.បក គោលបំណងក្នុងការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺដើម្បីលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឱ្យមានការរីកចម្រើន និងដើម្បីធ្វើសមាហរណកម្មចូលជាសមាជិកសហភាពកីឡានគរបាលអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ថវិកាផ្តល់ជូនអត្តពលិកកីឡាក្រសួងមហាផ្ទៃ សរុប៤៦១នាក់ ដែលដណ្តើមមេដាយ មាស ប្រាក់ និងសំរិទ្ធ ពីព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កាលពីពេលថ្មីនេះ សរុប៣០៨លាន និង៨០ម៉ឺនរៀល៕ ចាន់ វិចិត្រ