អាមេរិកនឹងបន្តផែនការបើកស្ថានទូតនៅកោះសូឡូម៉ុងឡើងវិញ
អាមេរិក៖ សហរដ្ឋអាមេរិកនឹងដើរទៅមុខជាមួយនឹងផែនការ បើកស្ថានទូតឡើងវិញនៅកោះសូឡូម៉ុង ក្នុងគោលបំណង ប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ក្នុងការជូនដំណឹងមួយទៅសភាថា ក្រសួងការបរទេសអាមេរិក ថាខ្លួននឹងបង្កើតស្ថានទូតបណ្តោះអាសន្នមួយក្នុងពេលឆាប់ៗនេះនៅក្នុងរដ្ឋធានី Honiara របស់កោះសូឡូម៉ុង នៅលើទី តាំង កុងស៊ុលអាមេរិកចាស់។ នេះបើតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃពុធ (៤ មករា)។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងទៀតថា ដំបូងឡើយ ក្រសួងនឹងដាក់បុគ្គលិកការទូតពីរនាក់ និងបុគ្គលិកក្នុងស្រុក ប្រាំរូបសិន ហើយត្រូវចំណាយប្រាក់ ១,៨ លានដុល្លារក្នុង មួយឆ្នាំ។
ក្រសួងការបរទេសបានលើកឡើងក្នុងសេចក្តីជូនដំណឹងទៅកាន់សភា ចុះថ្ងៃទី ២៣ ខែធ្នូ ថា ៖ «យើងកំពុងមើលឃើញថា ទំនាក់ទំនងបានចុះខ្សោយនៅពេលសាធារណរដ្ឋប្រជាមានិតចិន ព្យាយាមយ៉ាងខ្លាំងក្លាដើម្បីចូលរួមជាមួយ ឥស្សរជន នយោបាយ និងធុរកិច្ចរបស់កោះសូឡូម៉ុង» ក្នុងរូបភាពនៃ ការផ្ដល់ប្រាក់កម្ចីរចនាសម្ព័ន្ធដែលមានតម្លៃមហាសាល និងកម្រិតបំណុលដែលអាចមានគ្រោះថ្នាក់។
សេចក្តីជូនដំណឹងបន្តថា ៖ «សហរដ្ឋអាមេរិកត្រូវការវត្តមាន ការទូតជាអចិន្ត្រៃយ៍ប្រចាំក្រុង Honiara ដើម្បីផ្តល់នូវការទប់ ទល់យ៉ាងមានប្រសិទ្ធភាពចំពោះការកើនឡើងនៃឥទ្ធិពល (ចិន) និងធ្វើឱ្យការចូលរួមរបស់យើងកាន់តែស៊ីជម្រៅ ជា មួយតំបន់ ដែលសមស្របនឹងសារៈសំខាន់របស់វា»។
ក្រសួងការបរទេសអាមេរិកបន្ថែមទៀតថា ៖ «មុនពេលដែល ចិនចាក់បង្កប់ខ្លួនយ៉ាងជ្រៅទៅក្នុងកោះសូឡូម៉ុង ឥឡូវនេះ គឺជាឱកាសដើម្បីពង្រឹងភាពធន់របស់កោះសូឡូម៉ុង និងធ្វើ ឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើសន្តិសុខ អភិបាល កិច្ចតាមបែបប្រជាធិបតេយ្យ និងសេដ្ឋកិច្ចសេរី និងបើកចំហ»។
ក្រសួងគូសបញ្ជាក់ថា ៖ «អវត្តមានស្ថានទូត(អាមេរិក)បាន រារាំង យ៉ាងខ្លាំងនូវសមត្ថភាពរបស់យើងក្នុងការទំនាក់ទំនង ជាមួយប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រនេះ ដោយភាព ស្មោះត្រង់ និងច្បាស់លាស់»។
គួររំឭកផងដែរថា សហរដ្ឋអាមេរិក បានបិទស្ថានទូតរបស់ខ្លួន នៅទីក្រុង Honiara ក្នុងឆ្នាំ ១៩៩៣ ដើម្បីជាផ្នែកមួយនៃ ការកាត់បន្ថយតំណែកការទូត និងអទិភាពផ្សេងៗជាសកល ក្រោយសង្គ្រាមត្រជាក់។ចាប់តាំងពីពេលនោះមក អាមេរិកបាន កំណត់ថា កំណើនឥទ្ធិពលរបស់ចិនក្នុងនាមជាមហាអំណាច ក្នុងតំបន់ និងសកល ទាមទារឱ្យមានការយកចិត្តទុកដាក់ពី អាមេរិក តាមរយៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដើម្បី ទប់ទល់ នឹងទីក្រុងប៉េកាំង។
កាលពីខែកុម្ភៈឆ្នាំមុន ក្រសួងបានជូនដំណឹងដល់សមាជិក សភាថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិនក្នុងតំបន់ បានធ្វើឱ្យការបើកស្ថានទូតអាមេរិកឡើងវិញនៅកោះសូឡូម៉ុង ក្លាយជាអាទិភាពមួយ។ ក្រោយការជូនដំណឹងនោះ ពោល គឺនៅខែមេសា កោះសូឡូម៉ូងបានចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងសន្តិសុខសម្ងាត់មួយជាមួយចិន ដែលបង្កឱ្យមាន ការ ព្រួយបារម្ភពីអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តក្នុងតំបន់ដែលថាចិន អាចនឹងបង្កើតមូលដ្ឋានទ័ពយោធានៅលើកោះ បើទោះបីជា មន្រ្តីសូឡូម៉ុងបានច្រានចោលការព្រួយបារម្ភបែបនេះក៏ដោយ។
ដើម្បីជាការឆ្លើយតបសហរដ្ឋអាមេរិកបានបញ្ជូនក្រុមគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូបទៅកាន់កោះសូឡូម៉ុង ហើយស្វែង រកការពង្រឹងទំនាក់ទំនងជាមួយប្រទេសប៉ាស៊ីហ្វិកផ្សេងទៀត ដោយភ័យខ្លាចថាប្រទេសទាំងនោះអាចធ្លាក់ទៅក្រោមឥទ្ធិពលចិនដែរ ចំពេលដែលមានការរិះគន់ថា អាមេរិកមិនសូវមាន សកម្មភាព ក្នុងតំបន់កន្លងមក។
កាលពីចុងខែកញ្ញាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានកោះប្រជុំកំពូលមេដឹកនាំបណ្ដាកោះប៉ាស៊ីហ្វិក ដើម្បី បង្ហាញពីយុទ្ធសាស្ត្រថ្មីសម្រាប់តំបន់ ដែលរួមមានបញ្ហា សំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខដែនសមុទ្រ និងការការពារតំបន់នេះពីការនេសាទហួសកម្រិតជាដើម។ លោក បៃដិន បានសន្យាថា អាមេរិកនឹងបន្ថែមប្រាក់ចំនួន ៨១០ លានដុល្លារ ជាជំនួយថ្មីសម្រាប់បណ្ដាកោះក្នុងរយៈពេល មួយទសវត្សរ៍ខាងមុខ រួមទាំង ១៣០ លានដុល្លារលើកិច្ចខិត ខំ ប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុ៕ ដោយ៖ ហួន ឌីណា