បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថាពលរដ្ឋខ្មែរចងចាំជានិច្ចទិវា៧មករា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាទិវា៧មករាដែលនឹងមកដល់វេលាចុងសប្តាហ៍នេះ គឺជាទិវា ដែលតែងស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋទូទៅ។ ប្រសាសន៍ថ្លែងរបស់ បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នាខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

កម្ពុជាត្រៀមនឹងរៀបចំពិធីខួប៤៤ឆ្នាំ នៃទិវា៧មករា ដែលរំលឹកការរំដោះប្រទេសនាអតីតកាល ចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម ដឹកនាំដោយប៉ុលពតនាវេលាចុងសប្តាហ៍នេះ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសាសនាក្នុងខេត្តក្រចេះថា «ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ៧មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធ ផលប្រវត្តិសាស្ត្រជាច្រើន។ លោកបានថ្លែងទៀតថា អត្ថន័យ នៃគុណបំណាច់ ៧ មករានេះ នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។

កម្ពុជាក្នុងអតីតកាលដែលរស់នៅក្នុងរបបវាលពិឃាតខ្មែរក្រហម, ក្រុមអង្គការស្លៀកខោអាវ ខ្មៅ បានចាប់បង្ខំពលរដ្ឋធ្វើពលកម្មធ្ងន់ធ្ងរដោយផ្តល់អាហារទទួលទានមិនបានគ្រប់គ្រាន់ ឡើយ។ អតីតអ្នករដ្ឋការ, សាស្ត្រាចារ្យ, និស្សិតបញ្ញវ័ន្ត បានក្លាយជាមុខព្រួញនៃការ វាយ កម្ទេចរបស់ក្រុមអង្គការស្លៀកខោអាវខ្មៅ។ ក្នុងអតីតកាលនៃការគ្រប់គ្រងរបស់របបខ្មែរក្រហម រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានមនុស្សស្លាប់ច្រើនលាននាក់ដោយសារការឈឺគ្មានថ្នាំ សង្កូវ, ការធ្វើបាបសម្លាប់ចោលដោយចោទថាជាគិញរបស់បរទេស, ការបង្ខំឱ្យមនុស្សធ្វើការ ធ្ងន់ធ្ងរដូចសត្វធាតុ និងផ្តល់តែបបររាវតែប៉ុណ្ណោះដល់ពលរដ្ឋទទួលទាន។

របបកាប់សម្លាប់ខ្មែរ ក្រហមត្រូវបានផ្តួលរំលំដោយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ដែលសហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម និងធ្វើការរំដោះប្រទេសបានទាំង ស្រុងថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

ads banner