លោក ពូទីន ពិភាក្សាជាមួយមេដឹកនាំតួកគីពីកិច្ចសហប្រតិបត្តិការថាមពល និងសង្គ្រាមនៅអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការថាមពល និងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហានៃការពង្រីកបន្ថែមទៀត នៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាចម្បងនៅក្នុងវិស័យថាមពល។ លោក ពូទីន និងលោក អឺដូហ្កាន់ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីស្ថានភាពជម្លោះនៅអ៊ុយក្រែនផងដែរ។

បន្ថែមលើនេះ មេដឹកនាំទាំងពីរបានកត់សម្គាល់ពីអាទិភាព នៃការអនុវត្តគម្រោងរួមសំខាន់ៗជាយុទ្ធសាស្ត្រ ដូចជាការបង្កើតមជ្ឈមណ្ឌលឧស្ម័នក្នុងតំបន់នៅប្រទេសតួកគី និងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ។

នាឱកាសនោះដែរ លោក ពូទីន បានកត់សម្គាល់ពីការដើរតួបំផ្លិចបំផ្លាញរបស់បណ្តាប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងបានផ្តល់ព័ត៌មានអំពីស្ថានភាពនៅលើសមរភូមិជើងគោក និងគោលដៅសក្តានុពល។

បើតាមវិមានក្រឹមឡាំង លោក ពូទីន ក៏បានបញ្ជាក់ពីការបើកចំហររបស់រុស្ស៊ីចំពោះកិច្ចសន្ទនាដ៏ប្រាកដនិយមស្តីពីអ៊ុយក្រែន និងថា អាជ្ញាធរក្រុងកៀវដឹងយ៉ាងច្បាស់ អំពីតម្រូវការ និងការទទួលស្គាល់ទឹកដីថ្មីដែលទើបកាត់បញ្ចូលជារបស់ប្រទេសរុស្ស៊ី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner