ការគំរាមកំហែង របស់តាលីបង់ មានឥទ្ធិពលលើគោលនយោបាយ របស់ចិនចំពោះអាហ្វហ្គានីស្ថាន

កាប៊ុល៖ ក្រោមកង្វល់អំពីក្រុមសកម្មប្រយុទ្ធសំខាន់ៗ ដែល អាចខ្ចាត់ខ្ចាយចេញពីក្រុងកាប៊ុលចូលទៅតំបន់ស៊ីនជាំងនៃភាគខាងលិចរបស់ចិន ទីក្រុងប៉េកាំងបានចូលរួមសហការជាមួយ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីរបស់តាលីបង់ ដោយធ្វើការសន្យា ផ្សេងៗទាំងផ្នែកពាណិជ្ជកម្មនិងការវិនិយោគ។ នេះបើតាមរបាយការណ៍ថ្មីរបស់បណ្ដាញព័ត៌មានក្រៅរដ្ឋាភិបាល Afghan Diaspora Network ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ទី ៥ ខែមករា នេះ។

អស់រយៈពេលជាងមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិក និងកង កម្លាំងបរទេសរបស់ណាតូដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ចិននៅតែបន្តបើកដំណើរការស្ថានទូតរបស់ខ្លួននៅក្រុងកាប៊ុល បើទោះបីជាក្រុងប៉េកាំងមិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលតាលីបង់ មកទល់ពេលនេះក៏ដោយ។

Afghan Diaspora Network បានលើកឡើងថា ការគំរាម កំហែងពីពួកសកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ដែលចូលកាន់អំណាចនៅខែសីហា ឆ្នាំ ២០២១ ការធានាសន្តិសុខនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពលរដ្ឋរបស់ចិនក្នុងតំបន់ និងនៅអាហ្វហ្គានីស្ថាន បានបន្ត មានឥទ្ធិពលលើគោលនយោបាយរបស់ក្រុងប៉េកាំងចំពោះអាហ្វហ្គានីស្ថាន។
ហ្គានីស្ថាន។

គួររំឭកថា ក្នុងអំឡុងពេលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ដែលមានព្រំដែនជាប់ចិន ចន្លោះពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ ក្រុមតាលីបង់បានផ្ដល់ជម្រកដល់ក្រុមជ្រុលនិយមបរទេសមួយចំនួន រួមទាំងក្រុមសកម្មប្រយុទ្ធជនជាតិអ៊ុយហ្គួរផងដែរ។ បច្ចុប្បន្ននេះ គេមើលឃើញថា ចិនមានចាប់ការអារម្មណ៍ជា ចម្បងចំពោះអាហ្វហ្គានីស្ថានដោយសារបញ្ហាសន្តិសុខដែលពាក់ព័ន្ធ និងជាពិសេសលើការការពារសកម្មភាពណាមួយ របស់ ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ស៊ីនជាំង ដែលជនជាតិភាគ តិចអ៊ុយហ្គួររស់នៅ ហើយរងការធ្វើទុក្ខបុកម្នេញពី រដ្ឋា ភិបាលចិន ក្នុងរូបភាព «ទប់ស្កាត់អំពើជ្រុលនិយម»។

ទោះយ៉ាងណាក៏ដោយ ការគំរាមកំហែងសន្តិសុខនៅតែជា ឧបសគ្គសម្រាប់ចិនក្នុងការក្សាទំនាក់ទំនងជាមួយពួកតាលីបង។ ការវាយប្រហារភេរវកម្មលើសណ្ធាគារនៅក្រុងកាប៊ុលថ្ងៃ ១២ ធ្នូ (២០២២) ដែលទទួលភ្ញៀវជនជាតិចិនញឹកញាប់នោះ បាន ធ្វើឱ្យ ក្រុងប៉េកាំងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដោយ ជនជាតិចិន៥នាក់ត្រូវបានគេរាយការណ៍ថារងរបួស ខណៈ រដ្ឋាភិបាលចិនធ្វើការណែនាំពលរដ្ឋ និងក្រុមហ៊ុនរបស់ខ្លួន «ចាកចេញ និងជម្លៀសខ្លួនពីប្រទេសនេះ ឱ្យបានឆាប់តាម ដែល អាចធ្វើទៅបាន»។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងបន្ទាប់ពីការវាយប្រហារនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិនមានការតក់ ស្លុតជាខ្លាំង ហើយ «ទាមទារឱ្យភាគីអាហ្វហ្គានីស្ថាន ប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពក្នុងការស្វែងរក និងជួយ សង្គ្រោះបុគ្គលចិន ហើយក្នុងពេលជាមួយគ្នានេះ ត្រូវបើក ការស៊ើបអង្កេតដ៏ទូលំ ទូលាយមួយ ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើ អ្នក វាយប្រហារ និងពង្រឹងការការពារពលរដ្ឋ និងអង្គការរបស់ ចិនក្នុងប្រទេសអាហ្វហ្គានីស្ថាន»។

បន្ទាប់ពីនោះរួចមក អ្នកនាំពាក្យក្រុមតាលីបង់ លោក Abdul Qahar Balkhi បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតចិន បានអំពាវ នាវ ឱ្យតាលីបង់ «យកចិត្តទុកដាក់» ចំពោះសន្តិសុខនៃបេសក កម្មការទូតរបស់ទីក្រុងប៉េកាំង នៅទីក្រុងកាប៊ុល។ នេះបើតាមការគូសបញ្ជាក់របស់ Afghan Diaspora Network ។

កន្លងមក ការគេពិបាកនឹងប៉ាន់ស្មាននឹងប្រសិទ្ធិភាពនៃចំណាត់ ការប្រឆាំងក្រុមសកម្មប្រយុទ្ធរបស់ពួកតាលីបង់ តាមការ ទាមទារ របស់រដ្ឋបរទេស ដូចជាប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្ត ចិន ជាដើម។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីនាំពាក្យក្រុម តាលីបង់បានអះអាងថា មនុស្សប្រាំបីនាក់បានស្លាប់ និង ប្រាំពីរនាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការវាយឆ្មក់ លើ កន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមអាយស៊ីសក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានទទួលខុសត្រូវចំពោះការ វាយ ប្រហារលើសណ្ធាគារចិនក្នុងក្រុងកាប៊ុលកាលពីខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Afghan Diaspora Network ដដែលបានលើកឡើងថា របាយការណ៍ឆ្នាំ ២០២១ របស់អង្គការសហប្រជាជាតិ ដែល វាយតម្លៃការគំរាមកំហែងនៅអាហ្វហ្គានីស្ថាន បានកត់សម្គាល់ ថា ក្រុមសកម្មប្រយុទ្ធអ៊ុយហ្គួរនៃគណបក្សអ៊ិស្លាមតួកគីស្ថាន ឬចលនាអ៊ិស្លាមតួកគីស្ថានខាងកើត (ETIM) បានធ្វើ សកម្មភាព ទាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងស៊ីរី។ ក្រុមសកម្មប្រយុទ្ធមួយនេះ បានស្វែងរកការបង្កើតរដ្ឋអ៊ុយហ្គួរ នៅ តំបន់ស៊ីនជាំងប្រទេសចិន ហើយដើម្បីសម្រេចគោលដៅ នោះ ពួកគេត្រូវជួយសម្រួលដល់ចលនាអ្នកប្រយុទ្ធពី អាហ្វហ្គានី ស្ថានទៅកាន់ប្រទេសចិន។

កន្លងមក មន្ត្រីចិន ដែលបានជួបមន្រ្តីតាលីបង់ជាច្រើន លើកច្រើនសារនោះ បានសង្កត់ធ្ងន់ឱ្យអាហ្វហ្គានីស្ថាន ចាត់វិធានការម៉ឺងម៉ាត់ដើម្បីបង្រ្កាប «កងកម្លាំងភេរវករទាំងអស់ រួមទាំង ETIM»។ Afghan Diaspora Network បា នកត់សម្គាល់ថា ខណៈសហរដ្ឋអាមេរិកបានដក ETIM ចេញពីបញ្ជី ភេរវកម្មរបស់ខ្លួននៅឆ្នាំ ២០២០ ចិននៅតែបន្តចាត់ទុក ក្រុមនេះថាជាការគម្រាមកំហែង។

លោក Claude Rakisits អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល សន្តិសុខ ការទូត និងយុទ្ធសាស្ត្រ (CSDS) និងជាសាស្រ្តា ចារ្យរងកិត្តិយសនៅដឺប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី បានសរសេរក្នុងអត្ថបទវិភាគមួយ របស់លោក ចេញផ្សាយនៅខែកញ្ញាឆ្នាំមុនថា ទោះបីជាវត្តមាន របស់ ETIM នៅអាហ្វហ្គានីស្ថានមិនសូវច្រើនក្ដី ចិនមានការ ព្រួយបារម្ភថា ការផ្តោតជាអន្តរជាតិកាន់តែខ្លាំងឡើងលើ ស្ថានភាព សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងការគ្រប់គ្រង របស់តាលីបង់ នឹងពង្រឹងកម្លាំងអំណាចរបស់ ETIM។

ប៉ុន្តែខណៈចិនព្រួយបារម្ភអំពីការរីករាលដាលនៃលទ្ធិជ្រុលនិយមពីអាហ្វហ្គានីស្ថាន ពួកតាលីបង់បានខកចិត្តចំពោះការ សន្យា ខ្យល់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ចិន។ នេះបើតាមការលើកឡើងរបស់ Afghan Diaspora Network ក្នុងរបាយការណ៍ដដែល។

ក្នុងឆ្នាំ ២០១៦ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខ្សែក្រវាត់ និងផ្លូវ (BRI) ជាមួយអតីតរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ហើយបានសន្យាថានឹងផ្តល់មូលនិធិចំនួន ១០០ លានដុល្លារក្នុងគម្រោង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានគម្រោង BRI ត្រូវបានអនុវត្តនៅអាហ្វ ហ្គានី ស្ថាននៅឡើយទេ។

ទោះជាយ៉ាងណាក្ដី ក្រសួងការបរទេសចិនធ្លាប់បានប្រកាស កាលខែកក្កដា ឆ្នាំ ២០២២ ថា៖ «ចិនសង្ឃឹមថានឹងជំរុញ ការតម្រឹមនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាមួយនឹង យុទ្ធសាស្រ្តអភិវឌ្ឍន៍អាហ្វហ្គានីស្ថាន គាំទ្រដល់ការពង្រីក ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានទៅកាន់អាហ្វហ្គានីស្ថាន និងចែករំលែកឱកាសអភិវឌ្ឍន៍របស់ចិន»៕
ដោយ៖ហួន ឌីណា
ប្រភព៖ Security Concerns in Afghanistan Continue to Haunt China
Afghanistan Taliban raids net Isis members behind Kabul Chinese hotel attack
Afghanistan: China’s Challenging Relationship with the Taliban

ads banner