ក្រុមហ៊ុន អាម៉ាហ្សូន នឹងបញ្ឈប់បុគ្គលិកជាង ១៨ ០០០ នាក់
អាមេរិក៖ ក្រុមហ៊ុន អាម៉ាហ្សូន(Amazon) បានឱ្យដឹងថាខ្លួន គ្រោងនឹងកាត់បុគ្គលិកចេញជាង ១៨ ០០០នាក់ នៅខណៈ ពេលដែលទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបន្តធ្លាក់កាន់តែធ្ងន់ធ្ងរទៅៗ។
បុគ្គលិកធ្វើការងារជាច្រើនផ្នែកនឹងរងផលប៉ះពាល់ពីចំណាត់ការនេះ រួមទាំងផ្នែកធនធានមនុស្ស និង ហាងអាម៉ាហ្សូន (Amazon Stores)។ នេះបើយោងតាមអនុស្សរណៈ ដែល នាយកប្រតិបត្តិលោក អេនឌី ចាសស៊ី (Andy Jassy) បានចែករំលែកជាមួយបុគ្គលិក។
កាលពីខែវិច្ឆិកា លោក ចាសស៊ី ធ្លាប់បាននិយាយថា ការកាត់ បន្ថយចំនួនបុគ្គលិកនៅក្រុមហ៊ុនអេឡិចត្រូនិកយក្សនឹងបន្តរហូតដល់ដើមឆ្នាំ ២០២៣។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Amazon ដដែលនេះ ការកាត់បន្ថយបុគ្គលិកនឹងជួយក្រុមហ៊ុនឱ្យបន្តនូវឱកាសរយៈពេលវែងជាមួយនឹងការរៀបចំខ្ទង់ចំណាយដែលប្រសិទ្ធភាពល្អជាងមុន តែទន្ទឹមនេះ លោកបានចាត់ទុកចំណាត់ ការបញ្ឈប់ បុគ្គលិកនេះថា ជាការសម្រេចចិត្តដ៏លំបាកមួយ។ ក្រុមហ៊ុន Amazon នឹងចាប់ផ្តើមជូនដំណឹងដល់បុគ្គលិកដែលរង ផល ប៉ះពាល់ចាប់ពីថ្ងៃទី ១៨ ខែមករាខាងមុខ។
គួរជ្រាបថា អាជីវកម្មរបស់ Amazon ដំបូងឡើយបានរីកដុះ ដាលក្នុងអំឡុងពេលរីករាតត្បាតនៃជំងឺកូវីដ១៩ ដោយសារអ្នក ប្រើប្រាស់ ពឹងផ្អែកលើការទិញទំនិញផ្សេងៗសព្វគ្រប់បែប យ៉ាងតាមអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ ក្រុមហ៊ុនកំពុងប្រឈម មុខ នឹងការវិញត្រលប់ទៅរកទម្លាប់ទិញទំនិញដោយផ្ទាល់ ក៏ដូច ជាការកើនឡើងអតិផរណាដែលបានកាត់បន្ថយតម្រូវការរបស់អ្នកប្រើប្រាស់តាមអនឡាញយ៉ាងខ្លាំង។
ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រមាណ ៥០ភាគរយ កាលពីឆ្នាំទៅមិញ។
ក៏ដូចជាលោក ចាសស៊ី ដែរ ស្ថាបនិក និងនាយកប្រតិបត្តិផ្នែក បច្ចេកវិទ្យាមួយចំនួនទៀត បានទទួលស្គាល់តាំងពីពេលនោះ មកថា ពួកគេបានបរាជ័យក្នុងការគណនាតម្រូវការ របស់អ្នក ប្រើប្រាស់ក្នុងអំឡុងនិងក្រោយពេលនៃការរីករាតត្បាតកូវីដ។
មេតាដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក ថ្មីៗនេះបានប្រកាស កាត់បន្ថយបុគ្គលិកចំនួន ១១ ០០០នាក់ ដែលជាចំនួនដ៏ធំ បំផុត នៅ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ ធ្វីតធ័រវិញ ក៏ បាន ប្រកាសកាត់បន្ថយបុគ្គលិកយ៉ាងច្រើនផងដែរបន្ទាប់ពីលោក អេឡុន ម៉ាស(Elon Musk) បានទិញក្រុមហ៊ុននេះក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។
មិនខុសគ្នាប៉ុន្មាននោះទេ នៅសប្តាហ៍នេះ Salesforce ដែលជាក្រុមហ៊ុនកម្មវិធី cloud-based របស់អាមេរិកបាន និយាយ ថានឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន ១០ភាគរយ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Amazon will lay off more than 18,000 workers