អាមេរិក ដាក់ទណ្ឌកម្មអ្នកផ្គត់ផ្គង់យន្តហោះដ្រូនអ៊ីរ៉ង់ទៅឱ្យរុស្ស៊ី
អាមេរិក៖សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី៦ មករា ឆ្នាំ ២០២៣ បានចេញទណ្ឌកម្មថ្មីសំដៅលើក្រុមអ្នកផ្គត់ផ្គង់យន្តដ្រូនគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាត្រូវបានប្រើដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។
តាមរយៈសេចក្តីថ្លែងការណ៍មួយក្រសួងរតនាគារអាមេរិកបាននិយាយថាខ្លួនបានដាក់ទណ្ឌកម្មលើអ្នកគ្រប់គ្រងនិងសមាជិកក្រុមប្រឹក្សាភិបាល ៦រូបរបស់ក្រុមហ៊ុនឧស្សាហកម្មអាកាស ចរណ៍អ៊ីរ៉ង់ (QAI)។
រតនាគារអាមេរិកបានហៅ QAI ដែលជាក្រុមហ៊ុនស្ថិតនៅ ក្រោម ការ ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៣ ថាជាអ្នកផលិតអាវុធដ៏សំខាន់របស់អ៊ីរ៉ង់ដែល ទទួលខុសត្រូវចំពោះការរចនា និងផលិតយន្តដ្រូនគ្មាន មនុស្សបើក។
លេខាធិការរតនាគារអាមេរិកលោកស្រី ចានែត យេលែន (Janet Yellen) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងនឹងបន្តប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់របស់យើង ដើម្បីទប់ស្កាត់លោកពូទីន ពីការប្រើប្រាស់អាវុធដែលគាត់ កំពុងប្រើដើម្បីធ្វើសង្រ្គាមដ៏សាហាវលើអ៊ុយក្រែន»។
ទណ្ឌកម្មរបស់អាមេរិកកាលពីថ្ងៃសុក្រ ក៏វាយសំដៅផងដែរទៅ លើនាយកអង្គការឧស្សាហកម្មអវកាសអ៊ីរ៉ង់ដែលរតនាគារអាមេរិកចាត់ទុកថាជាអង្គការដ៏សំខាន់ទទួលខុសត្រូវក្នុងការត្រួតពិនិត្យកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់។
ទណ្ឌកម្មថ្មីរបស់អាមេរិក គឺជាការបង្កកទ្រព្យសម្បត្តិរបស់ ក្រុមអ្នកពាក់ព័ន្ធទាំងអស់ និងរារាំងពលរដ្ឋអាមេរិកមិនឱ្យ រកស៊ីជួយដូរជាមួយពួកគេ។ អ្នកដែលចូលរួមក្នុងប្រតិបត្តិ ការជាក់លាក់ជាមួយពួកគេក៏ប្រឈមនឹងការទទួលទណ្ឌកម្មផងដែរ។
គួររំឭកថា សហរដ្ឋអាមេរិកកន្លងមកធ្លាប់បានដាក់ ទណ្ឌកម្ម លើក្រុមហ៊ុន និងបុគ្គលដែលអាមេរិកចោទប្រកាន់ថាបានផលិត ឬដឹកបញ្ជូនយន្តដ្រូនអ៊ីរ៉ង់ទៅឱ្យរុស្ស៊ីដើម្បីប្រើក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន។
កាលពីខែវិច្ឆិកា អ៊ីរ៉ង់ធ្លាប់បានទទួលស្គាល់ជាលើកទី១ ថា បានផ្គត់ផ្គង់យន្តដ្រូនគ្មានមនុស្សបើកទៅឱ្យរុស្ស៊ីពិតមែន តែថាការផ្គត់ផ្គង់នេះធ្វើឡើងតាំងតែពីមុនពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែននាចុងខែកុម្ភៈមកម្ល៉េះ។ ចំណែក ទីក្រុងម៉ូស្គូវិញបាន បដិសេធ ថាកងកម្លាំងរបស់ខ្លួនមិនបានប្រើប្រាស់ យន្តដ្រូន គ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅអ៊ុយក្រែនឡើយ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖ US targets supply of Iranian drones to Russia in new sanctions