ឯកឧត្តម អុិត សំហេង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) នៅប្រទេសជប៉ុន

ជប៉ុន ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) នៅប្រទេសជប៉ុន ឯកឧត្តម អុិត សំហេង មានប្រសាសន៍ថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ គឺជាខួបលើកទី ៤៤ឆ្នាំ នៃទិវាជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ នឹង រំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។

គួររំលឹកដែរថា កាលពី៤៤ឆ្នាំមុន បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ។

ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ យង់ឃ្នងនេះ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពលរដ្ឋគ្រប់រូបមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ទន្ទឹមនេះ កម្ពុជាក៏មានកិត្យានុភាព មុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ ឈរលើមូលដ្ឋាននៃថ្ងៃ ជ័យជម្នះ៧មករា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន ប្រធានសាខា និងអនុប្រធានសាខាគណបក្សផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner