អ្នកជំនាញ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅ តំបន់ក្រុងថ្មី បន្ថែមទៀត មានសារៈសំខាន់ដើម្បីទាក់ទាញការវិនិយោគ
ភ្នំពេញ៖អ្នកជំនាញផ្នែកអចលនទ្រព្យ និងប្រជាពលរដ្ឋដែលស្ថិត នៅតំបន់ក្រុងថ្មី បានបង្ហាញនូវការគាំទ្រ ចំពោះផែនការពង្រីក ទីក្រុងថ្មីជាបន្តបន្ទាប់របស់រដ្ឋាភិបាលថានឹងផ្តល់ប្រយោជន៍ច្រើនដល់ពួកគេ និងជំរុញកំណើនសេដ្ឋកិច្ចនាតំបន់ក្រុងថ្មីថែមទៀត។ទន្ទឹមគ្នានេះ ទាំងអ្នកជំនាញ និងប្រជាពលរដ្ឋនៅតំបន់នោះ បាន យល់ថារដ្ឋាភិបាលគួរផ្តោតការអភិវឌ្ឍលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រុងថ្មីនោះបន្ថែមទៀត ដើម្បីឱ្យចរន្តអភិវឌ្ឍតំបន់ នោះកាន់តែរីកចំរើនឆាប់រហ័ស។
ការលើកឡើងនេះ ស្របពេលដែលរាជរដ្ឋាភិបាល បានចេញ អនុក្រឹត្យកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ កន្លងទៅនេះ។
ជាប្រជាពលរដ្ឋរស់នៅតំបន់ក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្ត កំពង់ស្ពឺ លោកស្រី កែវ សាមុត បានបង្ហាញអារម្មណ៍រីករាយ នៅពេលរដ្ឋាភិបាលសម្រេចបង្កើតថ្មីបន្ថែមទៀត ពិសេសក្រុង ឧដុង្គម៉ែជ័យ។ លោកស្រី បានស្នើឱ្យរដ្ឋាភិបាល គួរផ្តោតការ កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រុងថ្មីបន្ថែមទៀត ព្រោះតំបន់នោះ នៅមិនទាន់មានផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈបានល្អនៅឡើយ។
ទន្ទឹមគ្នានេះ លោក ប៉ាង ប៊ុនធី អ្នកអភិវឌ្ឍន៍និងភ្នាក់ងារអចលន ទ្រព្យ មួយរូប នៅប្រចាំតំបន់នោះ បានគាំទ្រចំពោះការបង្កើត ក្រុងថ្មីចំនួនបី នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលស្ថិត នៅ ក្បែររាជធានីភ្នំពេញ គឺជាសញ្ញាណល្អសម្រាប់វិស័យអចលនទ្រព្យ ពោលនឹងជំរុញឱ្យសន្ទុះនៃការទិញលក់ និងតម្លៃអចលនទ្រព្យកើន ឡើង។
លោកបានឱ្យដឹងថា ៖ «តាមការកត់សម្គាល់មួយរយៈមកនេះ សន្ទុះនៃការទិញលក់ ក៏ដូចជាតម្លៃអចលនទ្រព្យ នៅតំបន់ អរិយក្សត្រ អាចនឹងមិនកើនឡើងជាងពេលបច្ចុប្បន្ននោះទេ ដោយសារតែកន្លងមកតំបន់នេះ មានកំណើននៃការទិញលក់ ល្អប្រសើរហើយ តែតំបន់នេះ នឹងកាន់តែមានសក្តានុពល តម្លៃអចលនទ្រព្យ និងសន្ទុះទិញលក់កើនឡើងខ្លាំង នៅពេល ដែលមានការបុកគ្រឹះសាងសង់ស្ពានឆ្លងកាត់ទន្លេ»។
ជុំវិញការលើកឡើងនេះដែរ អតីតប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុ និងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម យល់ឃើញថា ការបង្កើតក្រុង ថ្មីជាបន្តបន្ទាប់ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញ សេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមាន ការរីកចម្រើនជាមុន ក៏ដូចជាការបង្កើនការផ្តល់សេវា សាធារណៈ កាន់តែកៀកនិងមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។
ជាងនេះទៀត លោកក៏បានបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាល ដែល បានសម្រេចបង្កើតគណៈអភិបាលក្រុងដែលទើបបង្កើតថ្មីនេះផងដែរ។
អ្នកជំនាញសេដ្ឋកិច្ច និងអលនទ្រព្យរូបនេះ បន្តថា ក្នុងពេលដែល ទីក្រុង ថ្មីនេះចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ប៉ុន្តែយ៉ាងណា ការរៀបចំ ក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ ដើម្បីជំរុញឱ្យតំបន់ក្រុងថ្មីទាំងនោះ កាន់តែរីកចម្រើនថែមទៀត។
លោកបានបញ្ជាក់ដូច្នេះថា ៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែផ្តោត ការអភិវឌ្ឍ និងការពង្រីកសាងផ្លូវក្រវាត់ក្រុង ឬហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់នោះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីទាក់ទាញ អាជីវកម្មតូច ធំ និងប្រជាពលរដ្ឋទៅរស់នៅតំបន់នោះ ហើយ រដ្ឋាភិបាលគួរតែបញ្ចេញឬបន្ធូរបន្ថយពន្ធដូចជាលើកទឹកចិត្តឱ្យវិស័យធនាគារផ្តល់ទុនវិនិយោគដល់អ្នកវិនិយោគនៅតំបន់នោះឱ្យមានភាពងាយស្រួលជាងមុន»។
សូមរម្លឹកថា រដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ បានសម្រេចបង្កើតក្រុងថ្មីចំនួនបីបន្ថែមទៀត និងពង្រីក ស្រុកថ្មីពីរបន្ថែមផងដែរ។ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យស្ថិតក្នុងស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។ ស្រុកឧដុង្គក៏ត្រូវបានពង្រីកស្រុកមួយបន្ថែមទៀតដែរគឺស្រុកសាមគ្គីមុនីជ័យ ខណៈស្រុកថ្មីមួយទៀតត្រូវបានបង្កើតនៅខេត្ត ក្រចេះ ឈ្មោះថា ស្រុកអូរគ្រៀងសែនជ័យ។
បើតាមអនុក្រឹតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន បានឱ្យដឹងថា ការសម្រេចកំណត់ ចំនួន គណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្ត កណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គឺធ្វើឡើងដោយអនុលោម តាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងនោះមានខេត្តកណ្តាលសម្រាប់ក្រុងអរិយក្សត្រ មានគណៈ អភិបាលចំនួនប្រាំពីរនាក់ និងក្រុងសំពៅពូន មានចំនួន គណៈ អភិបាលប្រាំពីរនាក់។ រីឯខេត្តកំពង់ស្ពឺ សម្រាប់ក្រុង ឧដុង្គម៉ែជ័យ មានចំនួនគណៈអភិបាលប្រាំពីរនាក់ និងស្រុកសាមគ្គីមុនីជ័យ មានចំនួនគណៈអភិបាលប្រាំពីរនាក់។ ចំណែកខេត្តក្រចេះ សម្រាប់ស្រុកអូរគ្រៀងសែនជ័យ មានចំនួនគណៈអភិបាល ប្រាំពីរនាក់៕ ដោយ៖ សែម ពិសី