ចង់រួមចំណែកជួយសង្គម ស្ត្រីម្នាក់បង្កើតសហគ្រាស មួយ ដើម្បីរក្សាព្រៃឈើ និងជួយសេដ្ឋកិច្ចសហគមន៍
ភ្នំពេញ៖ការជួយសង្គមអាចធ្វើឡើងបានច្រើនរូបភាព ដោយតិចឬ ច្រើនក៏បានផ្ដល់ផលប្រយោជន៍ណាមួយដល់មនុស្សមួយក្រុមដែរ ដោយឡែក បច្ចុប្បន្ននេះ ការជួយសង្គមភាគច្រើនគឺមាន នៅក្នុង ការ ធ្វើអាជីវកម្ម។
ស្របទៅនឹងទឹកចិត្តដែលចង់រួមចំណែកជួយដល់សង្គម សហគ្រាស មួយត្រូវបានបង្កើតឡើង ដោយផ្ដោតលើការផ្គត់ ផ្គង់ ទឹកឃ្មុំស្តង់ដារ ចេញពីខេត្តប៉ែកឦសាននៃប្រទេសកម្ពុជា។ បើមើលមួយជ្រុង គេប្រហែលអាចត្រឹមឃើញថានេះជាអាជីវកម្ម ដែលផ្ដល់ផលចំណេញដល់បុគ្គលផ្ទាល់ ប៉ុន្តែ វាបានជួយ រក្សា ព្រៃឈើឱ្យគង់វង្សនៅតាមតំបន់អភិរក្សនានា។
សហគ្រាសនេះមានឈ្មោះថា សហគ្រាសសង្គម អ៊ីភីអិល ផូលីនែត (EPL Pollinate) ដែលបង្កើតឡើង នៅក្នុងឆ្នាំ ២០១៩។ សហគ្រាសមួយនេះមានការចូលរួមពីអ្នកជំនាញជាច្រើនរូបដូចជា អ្នកជំនាញបរិស្ថាន អ្នកជំនាញឃ្មុំ អ្នកជំនាញគ្រប់គ្រងចំណី អាហារ និងអ្នកជំនាញមន្ទីរពិសោធន៍ ដែលការចូលរួមនេះ ដើម្បី ធ្វើសកម្មភាពអភិរក្សធនធានធម្មជាតិ ក៏ដូចជាបង្កើតផលិតផល ធម្មជាតិ។
អ្នកស្រី សែម ស្រីតូច ដែលជាសហស្ថាបនិក និងជានាយិកា ប្រតិបត្តិ ស្តីទីនៃសហគ្រាសសង្គមអ៊ីភីអិល ផូលីនែត បានឱ្យដឹងថា សហគ្រាសអ្នកស្រីមានបំណងក្នុងការពង្រឹងការអភិរក្សព្រៃឈើ និងរក្សាស្ថេរ ភាពចំណីអាហារ តាមរយៈការផលិត និងចែក ចាយ ទឹកឃ្មុំព្រៃដែលមានគុណភាព គោរពតាមស្តង់ដារ អនាម័យ។
ម្យ៉ាងទៀត ដោយសារតែអ្នកស្រី និងក្រុមការងារបាន មើល ឃើញ ពីកង្វះខាតនៃការផ្គត់ផ្គង់ទឹកឃ្មុំ ការផលិត និងចែកចាយ ទឹកឃ្មុំ គ្មានស្តង់ដារ ចរាចរណ៍ទឹកឃ្មុំក្លែងក្លាយនៅលើទីផ្សារ និងការជិត ផុតពូជឃ្មុំព្រៃតាមរយៈការប្រមូលផលមិនត្រូវស្តង់ដារជាដើម។
អ្នកស្រី សែម ស្រីតូច បាននិយាយថា ៖ «តាមរយៈសកម្មភាព ដែលសហគ្រាសយើងបានធ្វើកន្លងមកគឺយើងបានចូលរួមកាត់បន្ថយអត្រាមរណៈពីសំណាក់អ្នកយកឃ្មុំ រក្សាបាននូវដើមឈើព្រៃ ខ្ពស់ ៗ ចូលរួមក្នុងការបង្កើតអាជីវកម្មឃ្មុំទៅដល់ស្ត្រីមេផ្ទះ និង លើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រប់ភាគីពាក់ព័ន្ធ»។
នៅក្នុងរយៈពេលប្រមាណបីឆ្នាំមកនេះ ក្រុមហ៊ុនអ្នកស្រីបាន សហកាជាមួយស្ថាប័នពាក់ព័ន្ធជា ច្រើនដូចជា អង្គការ WWF អង្គការ WCF អង្គការពន្លកបៃតង សហគ្រិនខ្មែរ និងអង្គការ ផ្សេងទៀតនៅក្នុងគម្រោងអភិរក្សព្រៃឈើ ការអភិរក្សឃ្មុំ ក៏ដូចជាការចងក្រងជាសហគមន៍។
អ្នកស្រីបានបញ្ជាក់ថា ៖ «តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាលទ្ធផលគឺយើងជួយបាន ៤៦សហគមន៍ និងប្រជាសហគមន៍ ៧០០ ហើយបានបង្កើតអាជីវកម្មឃ្មុំទៅដល់ស្ត្រីមេផ្ទះ ដល់ស្ត្រី ចំនួន៦០នាក់ផងដែរ»។
ដើម្បីបន្តឈានទៅទទួលបានគុណភាពស្តង់ដារក្រុមហ៊ុនអ្នកស្រីបានបែងចែកជាបួនបេសកកម្ម។ ក្នុងនោះមានផលិត និងចែក ចាយ ទឹកឃ្មុំព្រៃ, ផ្ដល់សេវាកម្មបច្ចេកទេស, ផ្ដល់សេវាកម្ម ដំណើរ លំអង និងការផលិតនូវផលិតផលផ្សេងៗចេញពីទឹកឃ្មុំ។
កន្លងមក ក្រុមហ៊ុនមួយនេះទទួលបានការអនុញ្ញាត និងគាំទ្រពី នាយកដ្ឋាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មក្នុងការបន្ត គាំពារ ព្រៃឈើ និងសេដ្ឋកិច្ចប្រជាសហគមន៍នៅតាមតំបន់អភិរក្ស ព្រៃឈើ ជាពិសេសគឺនៅតំបន់ប៉ែកឦសានតែម្ដង។
បើតាមការបញ្ជាក់ដដែលរបស់អ្នកស្រី សែម ស្រីតូច អ្នកស្រី មានការជឿជាក់ចំពោះការបន្តជួយប្រជា សហគមន៍បាន កាន់ តែច្រើន ដោយហេតុថាក្រុមហ៊ុនអ្នកស្រីមានក្រុមបច្ចេក ទេស គ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាពក្នុងការបង្កើតបច្ចេកទេសថ្មីៗ ដែលធានាបាននូវការផ្គត់ផ្គង់គ្រប់តម្រូវការ និងទន្ទឹមគ្នានោះ អាចរក្សាបាននូវឃ្មុំព្រៃកុំឱ្យផុតពូជ។
ម្យ៉ាងទៀត ក្រុមហ៊ុនអ្នកស្រីមានទស្សនៈវិស័យ រឹងមាំ និង ច្បាស់លាស់ក្នុងការជួយជាប្រយោជន៍ធំធេងដល់សង្គម។
ជាងនេះទៅទៀតតាមរយៈការសហកាជាមួយអង្គការ WWF ជារឿយៗក្រុមការងារតែងចុះទៅដល់ សហគមន៍ផ្ទាល់ដើម្បី បង្រៀនប្រជាសហគមន៍នូវបច្ចេកទេសបន្ថែមពីលើអ្វីដែលពួកគេមានស្រាប់ ដើម្បីធានានិរន្តរភាពនៃការប្រមូលឃ្មុំ និងមានអនាម័យ ល្អ។
សម្រាប់អ្នកស្រី សែម ស្រីតូច ផ្ទាល់ ព្រមទាំងក្រុមអ្នកបច្ចេក ទេសនៃសហគ្រាស មានការសប្បាយចិត្តចំពោះ លទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ពួកគេប៉ុន្មានឆ្នាំមកនេះ និង ប្ដេជ្ញា បន្តដំណើរទៅមុខទៀតក្នុងការ រក្សាព្រៃឈើ បង្កើតចំណូល ជូនប្រជាសហគមន៍ ធ្វើឱ្យទីផ្សារទឹកឃ្មុំមានស្ថេរភាព និងលទ្ធភាព ដែល អាចនាំចេញទឹកឃ្មុំទៅក្រៅប្រទេសឱ្យកាន់តែ ទូលំទូលាយ ផងដែរ៕ ដោយ៖ កែវ បុស្បា