ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អត្ថន័យនៃគុណបំណាច់ ៧ មករា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលជាថ្ងៃរស់ឡើងវិញ នៃប្រជាជនកម្ពុជា នៅទូទាំងប្រទេស

ខេត្តកណ្តាល ៖ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឪកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) និងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ នៅស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី៨ ខែមករា។

ឯកឧត្តម កិត្តិបណ្ឌិត បញ្ជាក់ថា ថ្ងៃទី៧ មករា គឺជាខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩ – ៧ មករា ២០២៣) គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “។

លើមូលដ្ឋាននៃការពង្រីកជ័យជំនះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រ ដោយបានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវាទៅហើយ។ ជាមួយនេះ បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។ និងបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

ក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិបណ្ឌិត បានសម្តែងការកោតសរសើរចំពោះនាយកសាលា លោកគ្រូអ្នកគ្រូ ដែលបានខិតខំអបរំបង្រៀន និងថ្លែងការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ក៏ដូចជាក្នុងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ក្នុងកាលៈទេសៈដែលប្រទេសកមពុជាកំពុងបន្តអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន និងតទៅអនាគត គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗជាសិស្សានុសិស្សរបស់យើង ដែលត្រូវកសាងខ្លួនឱ្យខ្លាំងក្លា ដើម្បីក្លាយជាធនធានមនុស្សល្អ ប្រកបដោយសមត្ថភាពទាំងផ្នែកចំណេះដឹង ចំណីធ្វើ និងផ្នែកគុណធម៌-សីលធម៌។

ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រលងជាប់និទ្ទេសអេ (A) ចំនួន៤រូប នៅក្នុងស្រុកកណ្តាលស្ទឹង ដែលក្នុងម្នាក់ៗទទួលបាននូវម៉ូតូ ចំនួន១គ្រឿង និងថវិកាចំនួន ៤០ម៉ឺនរៀល, សិស្សនិទ្ទេសB ចំនួន ១០០នាក់ ក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល, សិស្សនិទ្ទេសC ចំនួន ២០០នាក់ ក្នុងម្នាក់ៗថវិកា ៣០ម៉ឺនរៀល, និទ្ទេសD ចំនួន ១៨៦នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, និទ្ទេសE ចំនួន ១៣៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល និងសិស្សប្រឡងធ្លាក់ (និទ្ទេសF) ចំនួន ៦៣នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ មន្ត្រីអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner