ឯកឧត្តម ថោង ខុន ដឹកនាំសមាជិកបក្សនិងប្រជាជន១ពាន់នាក់ប្រារព្ធទិវាជាតិជ័យជម្នះ៧មករា នៅស្រុកបារាយណ៍ និងស្រុកតាំងគោក
(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក-សមាជិកាគណបក្ស និងប្រជាជនមូលដ្ឋានប្រមាណ១ពាននាក់ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជាតិជ័យជម្នះ៧មករា។
នាឱកាសនោះ ឯកឧត្តម ទិត ចន្ថា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានឡើងអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីបានដឹង។
ជាមួយគ្នានោះ ឯកឧត្តម ថោង ខុន ក៏បានលើកឡើងអំពីគោលបំណងធំៗនៃការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជាតិជ័យជម្នះ៧មករានេះ។ គោលបំណងទី១ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការមូលដ្ឋាន សមាជិក-សមាជិកាបក្ស និងប្រជាជនមូលដ្ឋាន ឱ្យបានយល់អំពីទិវាជាតិជ័យជម្នះថ្ងៃ៧មករា ព្រមទាំងស្នាដៃសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ រហូតដល់បច្ចុប្បន្ន និងដើម្បីរំលឹកនូវគុណបំណាច់របស់យុទ្ធជន-យុទ្ធនារីដែលបានពលីអាយុជីវិតការពារជាតិ ស្វែងរកសន្តិភាពជូនប្រជាជន ព្រមទាំងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរំដោះប្រជាជនកម្ពុជា។ គោលបំណងទី២ ដើម្បីពង្រឹងនូវស្មារតីការពារសន្តិភាពយ៉ាងដាច់ខាត ដែលបានតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងការខិតខំអនុវត្តរបស់ថ្នាក់ដឹកនាំគណបក្ស។ គោលបំណងទី៣ ដើម្បីផ្សព្វផ្សាយដល់សាធារណមតិជាតិនិងអន្តរជាតិឱ្យបានយល់ពីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនក្នុងការការពារសន្តិភាព សមិទ្ធផលរបស់ប្រទេសជាតិ ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ ការពារនីតិរដ្ឋ ពង្រឹងការអភិវឌ្ឍប្រទេសជាតិ។ គោលបំណងទី៤ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង បង្កើនការផ្សារភ្ជាប់ពីថ្នាក់ជាតិទៅកាន់មូលដ្ឋាន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សមាជិក-សមាជិកាគណបក្ស សំដៅពង្រីកជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ប្រសិនបើយើងគិតចាប់ពីសម័យដែលកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ការរងទុក្ខវេទនា ការសម្លាប់ប្រជាជនយ៉ាងរង្គាល រហូតដល់មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រមទាំងបន្តមកព្រឹត្តិការណ៍ស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ការកសាងប្រទេសជាតិចាប់ពីបាតដៃទទេ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ វាមិនមែនជាការបំភ្លៃប្រវត្តិសាស្ត្រនោះឡើយ តែជាសច្ចធម៌ប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ។
ឯកឧត្តមបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ប្រសិនបើគ្មានការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ កម្ពុជាក៏គ្មានសន្តិភាពដូចពេលបច្ចុប្បន្នដែរ។ មកដល់ឆ្នាំ១៩៩៨ ទើបខ្មែរទាំងអស់ឈ្នះ ហើយរួមរស់នៅសុខសាន្តជាមួយគ្នារហូតដល់សព្វថ្ងៃ។
ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺបានរួមកម្លាំងជាមួយប្រជាជនក្នុងការរំដោះប្រទេសជាតិពីរបបខ្មៅងងឹត ប៉ុល ពត និងបានពួតដៃជាមួយប្រជាជនក្នុងការកសាងប្រទេសដ៏កម្សត់មួយនេះ មកដល់ពេលបច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសស្មើមុខស្មើមាត់លើឆាកអន្តរជាតិ មានសក្ដានុពលគ្រប់វិស័យ។ លោកថា «សច្ចធម៌ប្រវត្តិសាស្ត្រ មិនអាចមានអ្នកណាម្នាក់ ឬក្រុមណាមួយបំភ្លៃបាននោះឡើយ»។
ជាការសង្កត់ធ្ងន់របស់ឯកឧត្តម ថោង ខុន ទៅដល់សមាជិក-សមាជិកគណបក្ស និងប្រជាជននៅមូលដ្ឋានស្រុកទាំង២នេះ គឺត្រូវចូលរួមការពារសន្តិភាពទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឱ្យប្រទេសជាតិវិលត្រឡប់ទៅរកសង្គ្រាម និងបនប្រល័យពូជសាសន៍វិញ ដាច់ខាតកម្ពុជាមិនវិលត្រឡប់ទៅរកសង្គ្រាមវិញនោះឡើយ។
ឯកឧត្តមបានបន្តទៀតថា ដើម្បីចូលរួមការពារសន្តិភាពឱ្យបានគង់វង្សយូរអង្វែង មានតែការបោះឆ្នោតជូណគណបក្សប្រជាជនកម្ពុជានោះទេ ដែលជាគណបក្សរំដោះប្រជាជន ស្វែងរកសន្តិភាព កសាងប្រទេស ការពារសន្តិភាព ការពារអាយុជីវិតប្រជាជន និងជាគណបក្សដែលការពារប្រទេសកម្ពុជាមិនឱ្យវិលត្រឡប់ទៅរកសង្គ្រាមជាដាច់ខាត។
តំណាងសមាជិក-សមាជិកាគណបក្សក៏បានឡើងប្ដេជ្ញាចិត្តចូលរួមការពារសន្តិភាព ពង្រឹងសាមគ្គីផ្ទៃក្នុង ពិសេសគឺបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ ព្រមទាំងបន្តគាំទ្រគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោក ហ៊ុ ន ម៉ាណែត ជាបេក្ខភាពបន្ទាប់យ៉ាងម៉ឺងម៉ាត់៕ ចាន់ វិចិត្រ