អាជ្ញាធរស្រុកស្រីស្នំបានប្រារព្ធពិធីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០២៣

សៀមរាប៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរស្រុកស្រីស្នំ បានប្រារព្ភធ្វើមិទ្ទិញដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ស្មារតីថ្ងៃជ័យជំនះ ៧មករា១៩៧៩-៧មករា ២០២៣ នៅស្រុកស្រីស្នំខេត្តសៀមរាប ស្ថិតនៅក្នុងបរិវេណស្នាក់ការបក្សស្រុក ក្រោមអធិបតីភាព បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអបរំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ។

លោក ហន ឬទ្ធិ អភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា១៩៧៩ មកដល់ថ្ងៃ៧មករាឆ្នាំ ២០២៣នេះ គឺមានរយៈពេល៤៤ឆ្នាំហើយ។ ខួបអនុស្សារីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ បានប្រារព្ឋក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍយ៉ាងល្អ ប្រសើរគ្រប់វិស័យ ហើយកំពុងបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលភិបាលនិតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីធានាដល់ការលើកកម្ពស់ក្នុងគោលដៅរស់នៅរបស់ប្រជាជននិងលទ្ធិប្រជាធិបតេយ្យនិតិរដ្ឋនៅកម្ពុជា។

ទន្ទឹមនឹងវឌ្ឍនភាពរបស់ប្រទេសជាតិលើគ្រប់វិស័យ ស្រុកស្រីស្នំយើង ក៏កំពុងអបអរសាទរយ៉ាងក្រៃលែងចំពោះសមិទ្ឋផលនានាដែលសម្រេចបានកន្លងមក ក្នុងពេលបច្ចុប្បន្ននេះ និងជោគជ័យនៃការបោះធ្លោយជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបង្កភាពអនុគ្រោះ យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍប្រទេសជាតិបន្តទៅមុខទៀត ហើយក៏ស្របពេលដែលប្រទសជាតិកំពុងតែឈាន ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប បានរម្លឹកពីបុព្វហេតុដែលនាំឱ្យមានថ្ងៃជ័យជម្នះ ៧មករា១៧៩ មាន៧មករាទើបយើងទាំងអស់គ្នាមានថ្ងៃនេះ។ ឯកឧត្តម មានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញរួចផុតពីរបបប្រល័យពូជសាសន៍, មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានលទ្ធិប្រជាធិបតេយ្យ នេះជាគុណបំណាច់ដ៍ធំធេងដែលយើងទាំងអស់គ្នាត្រូវតែចងចាំនិងរួមគ្នារក្សាសុខសន្តិភាពដែលរកមកបានដោយលំបាកនេះឱ្យស្ថិតនៅគង់វង្ស។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តនាំគ្នាទៅចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩នៅតាមគោលដៅនានាដែលបានកំណត់ និងស្នើដល់យុវជនដែលគ្រប់អាយុអាចធ្វើអត្តសញ្ញាបណ្ណបានហើយ ឬអ្នកដែលមិនទាន់មាន សូមប្រញ៉ាប់នាំគ្នាទៅធ្វើឲ្យទាន់ពេល។ ព្រោះថា អត្តសញ្ញាបណ្ណជាផ្នែកមួយសំខាន់ដើម្បីមានសិទ្ឋចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ទើបអាចទៅបោះឆ្នោតបាន។ ហើយបងប្អូនដែលគ្រប់អាយុនិងមានសិទ្ឋិទៅបោះឆ្នោតសូមនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ ស៊ាន សុផាត

ads banner