មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ នាំយកកុំព្យួទ័រនិងព្រីនធឺរ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យ២៨មករាស្រុកស្រីស្នំ

សៀមរាប ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអបរំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប បាននាំយកកុំព្យូទ័រចំនួន ៧គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន ៧គ្រឿងប្រគល់ជូនគណ:គ្រប់គ្រងនៃវិទ្យាល័យ ២៨មករា សម្រាប់បំពេញបន្ថែមលើការខ្វះខាត និងចាំបាច់ក្នុងការ សិក្សារៀនសូត្រ និងបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានប្រកាន់ខ្ជាប់ជារដ្ឋាភិបាលឌីជីថល ។

សម្ភារនេះ ជាអំណោយសប្បុរសធម៌របស់សមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ ផ្តល់តាមរយៈក្រសួងអប់រំដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ខណៈដែលសមាគមនេះបានចូលរួមការងារសង្គមនិងការងារមនុស្សធម៌ជាច្រើនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេសនៅខេត្តគោលដៅចំនួនពីរគឺកំពង់ធំនិងខេត្តសៀមរាប ។ នេះបើតាម លោក ផុន សាមាន អនុប្រធានគណៈប្រតិបត្តិសមាគម ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានជំរុញលើកទឹកចិត្តដល់ប្អូនៗជាសិស្សានុសិស្ស ទោះជាសិក្សាលើជំនាញអ្វីក៏ដោយត្រូវកំណត់គោលដៅឱ្យបានពិតប្រាកដ ដើម្បីឆ្លើយតបបានទៅនឹងប្រសិទ្ធិភាពនៃចំណង់ចំណូលចិត្តរបស់ខ្លួនសម្រាប់ជាត្រីវិស័យ ជាផែនការអភិវឌ្ឍគោលដៅជីវិត ។

ឯកឧត្តម ស៊ាន បូរ៉ាត បានផ្តាំផ្ញើនិងជំរុញដល់យុវសិស្សទាំងអស់ត្រូវបន្តការអនុវត្តដោយយកចំណុចខ្លាំងនិងចំណុចខ្សោយនៃការសិក្សារបស់ខ្លួនមកប្រៀបធៀប បើដឹងថាខ្សោយផ្នែកណាយើងត្រូវសិក្សាផ្នែកនោះបន្ថែម បន្ថែមពីនេះត្រូវស្គាល់អំពីតម្លៃនៃបច្ចេកវិទ្យា និងក្តាប់យកឱកាសជោគជ័យកុំឱ្យរបូតដោយសារការធ្វេសប្រហែសរបស់ខ្លួន។

ឯកឧត្តម បានលើកផងដែរថា៖រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាន នូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។

បើតាមរបាយការណ៍ លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨មករាថា៖ វិទ្យាល័យនេះ បានចាប់ដំណើរកម្រិតវិទ្យាល័យនៅឆ្នាំសិក្សា២០០៧-២០០៨។ បច្ចុប្បន្ន មានអគារចំនួន៧ខ្នង មានអន្តេវាសិកដ្ឋាន៣ខ្នងនិងទីចាត់ការ១ខ្នង មានសិស្សសរុបចំនួន១៦៦៨នាក់ស្រីជាង៨០០នាក់៕ ដោយ ស៊ាន សុផាត

ads banner