ខេត្តកំពង់ចាម ប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា (៧មករា ១៩៧៩-៧មករា ២០២៣)
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលមិទ្ទិញនេះប្រារព្ធធ្វើឡើង នៅវិមានឯករាជ្យ ខេត្តកំពង់ចាម។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំង៣ ប្រភេទ ក្រុមកាយឫទ្ធិនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សនិស្សិត ប្រជាពលរដ្ឋ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនរូបសរុបចំនួន ៧,១៧៩ នាក់។
បន្ទាប់ពី ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា «បើគ្មាន ៧ មករា គឺ គ្មានអ្វីៗទាំងអស់» ។ ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា គឺផ្សារភ្ជាប់នៃដំណើរប្រវត្តិសាស្ត្រ ២០ មិថុនា ១៩៧៧ នៅកោះថ្ម ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងតស៊ូផ្នែកយោធារំដោះប្រទេសជាតិ និងប្រជាជន បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ ទេ ក៏គ្មានថ្ងៃ ១២ ឧសភា ១៩៧៨ នៃការកកើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ១២ ឧសភា ១៩៧៨ ក៏គ្មានថ្ងៃ ២ ធ្នូ ១៩៧៨ នៃការបង្កើតរណស្សិរសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបើគ្មានថ្ងៃ ២ ធ្នូ ១៩៧៨ ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ។
សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមុខមាត់កម្ពុជាលេចធ្លោទាំងលើឆាកអន្តរជាតិ និងក្នុងតំបន់ ជាក់ស្តែងក្នុងអាណត្តិទី៦ នេះ មានកត្តា ៦ យ៉ាង ដែលកម្ពុជាទទួលបាន និងមានភាពលេចធ្លោនោះ គឺ
ទី១.ការរក្សាបានសុខសន្តិភាព
ទី២.ការបោះឆ្នោតរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រកបដោយជោគជ័យ
ទី៣.ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានជោគជ័យ តាមរយៈវិធានការសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង
ទី៤.ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អក្នុងកាលៈទេសៈជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមរុស្សុី-អ៊ុយក្រែន
ទី៥.ការអនុវត្តន៍នយោបាយការបរទេសឈរលើឯករាជ្យភាព និងផ្អែកលើច្បាប់អន្តរជាតិ
ទី៦.កត្តាលេចធ្លោចុងក្រោយ គឺសម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយជោគជ័យក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនអាស៊ាន៕ លី ពៅ