ទីស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត បានត្រូវសម្ពោធជាផ្លូវការហើយ
បន្ទាយមានជ័យ៖ អគារទីស្នាក់ការនិងសមិទ្ធផលនានាថ្មីគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រី្ក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កាណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្ជំទាវ ហេមវន្តអគ្គសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ។
លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតឱ្យដឹងថា អាគារស្នាក់ការគណបក្សក្រុងប៉ោយប៉ែត ថ្មីនេះ ត្រូវបានស្ថាបនាឡើងនៅលើផ្ទៃដី ទំហំ ៨,០០០ម៉ែតល្រឡា ទទឹង ៨០ម៉ែត្រ បណ្ដោយ ១០០ម៉ែត្រ តាមគំរូប្លង់ដែលមានរចនាបទខ្មែរ។ ឯអាគារមានទំហំ ១,៩៨០ម៉ែត្រក្រឡា ទទឹង ៣៦ម៉ែត្រ បណ្ដោយ ៥៥ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិការសាងសង់ចំនួន ១,៣១៧,៩៨១ដុល្លារ ដោយក្រុមហ៊ុន អ៉ី អិល អេច (E L H) ដែលមានអ្នកស្រី ឡៅ សូលីជានាយិកា ។
ក្នុងឱកាសនោះ លោកប្រធានគណ:កម្មាធិការគណបក្សខេត្តបានដឹកនាំក្រុមការងារប្រារព្ធពិធីបញ្ចូលសមាជិកបក្សថ្មី ជំហានទី១ ចំនួន ១.៧៧៣នាក់ នៅសល់ ៣.៣៦៦នាក់នឹងធ្វើពិធីបញ្ចូលនៅពេលបន្ទាប់ ។ សមាជិកគណបក្សថ្មីដែលបានធ្វើប័ណ្ណសមាជិកជូនបានចំនួន២.២៩៤នាក់ និងពុំទាន់បានប័ណ្ណចំនួន ២.៨៤៥នាក់ ។ សមាជិកគណបក្សធ្វើចំណាកស្រុកសរុបចំនួន ១.៨៩៨នាក់ ។ សមាជិកគណបក្សមានអត្តសញ្ញាណបណ្ណចំនួន ២៨.៩១៥នាក់ និងគ្មានអត្តសញ្ញាណបណ្ណចំនួន ៤.១៣៩នាក់ ។
ឯកឧត្ដមឧបនាយករដ្ឋមន្រី្កកែ គឹមយ៉ាន បានកោតសរសើរនិងអបអរសាទរជាមួយគណបក្សក្រុងដែលឈានដល់ការស្ថាបនានិងសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបសស្នាក់ការគណបក្សថ្មីក្រុងប៉ោយប៉ែតដែលធំទូលាយ និងសមស្របសម្រាប់ឱ្យមន្ត្រីគណបក្សងាយស្រួលបំពេញការងារ ឆ្ពោះទៅឆ្លើយតបដំណោះស្រាយសំណូមពរសមាជិកគណបក្សនិងប្រជាជន ព្រមទាំងជួយឱ្យគណបក្សធានាបានជ័យជម្នះថ្មីបន្ថែមទៀត ។
ឯកឧត្ដមឧបនាយករដ្ឋមន្រី្ក កែ គឹមយ៉ាន បានកោតសរសើរដែរដល់ការប្តេជ្ញាចិត្តរបស់លោក គាត ហ៊ុល ប្រធានកណាបក្សក្រុងនិងមន្ត្រីដែលបានរាយការណ៍និងប្តេជ្ញាចិត្តលើការងារគណបក្ស ដែលជឿជាក់ថា គណបក្សនឹងមានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ ៕ ដោយ ៖ ឃិន គន្ធា