ជំរឿនប្រជាជនចុងក្រោយរបស់ប្រទេសថៃ ត្រូវបានប្រកាស ត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី៧ ខែឧសភាខាងមុខ
បាងកក៖ ការិយាល័យរដ្ឋបាលចុះបញ្ជីរបស់ក្រសួងមហាផ្ទៃបានប្រកាសជំរឿនប្រជាជនចុងក្រោយបង្អស់របស់ទីក្រុងបាងកក និងខេត្តចំនួន ៧៦ ផ្សេងទៀតក្នុងសប្តាហ៍មុននេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំមណ្ឌលបោះឆ្នោត។
ការិយាល័យបានប្រកាសចំនួនប្រជាជន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ កាលពីថ្ងៃទី ៥ ខែមករា។ យោង តាម ជំរឿន ប្រទេស ថៃ មាន ប្រជាជន ចំនួន ៦៦.០៩០.៤៧៥ នាក់ ក្នុង នោះ ៦៥.១០៦.៤៨១ នាក់ កាន់ សញ្ជាតិ ថៃ ហើយ នៅសល់ ផ្សេងទៀត មិន បាន ចុះ បញ្ជី។
ទីក្រុងបាងកកគឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុត ដែលមានប្រជាជនចំនួនជាង ៥.៣៩ លាននាក់។ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានកំណត់យកថ្ងៃទី ៧ ឧសភា ជាថ្ងៃបោះឆ្នោត ជាបណ្តោះអាសន្ន ក្នុងលក្ខខណ្ឌដែលសភាតំណាងរាស្រ្ត បញ្ចប់អាណត្តិ ៤ ឆ្នាំ នៅថ្ងៃទី ២២ ខែមីនា។
មុននេះ អគ្គលេខាធិការគណៈកម្មាធិការ លោក Sawaeng Boonmee បាននិយាយថា EC ត្រូវរង់ចាំការធ្វើជំរឿនប្រជាជនចុងក្រោយបង្អស់ត្រូវបានប្រកាស មុនពេលដែលខ្លួនអាចបង្កើតមណ្ឌលសម្រាប់ការបោះឆ្នោត៕ ប្រភពពី The Nation , ប្រែសម្រួលដោយ៖ សារ៉ាត