តំណាងរាស្រ្តមណ្ឌលរតនគិរី៖ យើងទាំងអស់គ្នាទទួលស្គាល់ថាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាឱ្យរស់ឡើងវិញ
រតនគិរី ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ ដែលបានចូលរួមក្នុងមីទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៣ ដែលបានប្រារព្ធធើ្វឡើងនៅឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហេង ប៊ុនថាន់ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរីបានលើកឡើងថាយើងទាំងអស់គ្នាទទួលស្គាល់ថា ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាអោយរស់ឡើងវិញក្រោមការដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំ។
ឯកឧត្តម ហេង ប៊ុនថាន់ បន្តថា អត្ថន័យជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានប្រមូលផ្ដុំកម្លាំងសាមគ្គីជាតិ ទាំងមូលតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ក្រោមការជួយ ឧបត្ថម្ភគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមបងប្អូន នាំឱ្យយើងទទួលបានជោគជ័យទាំង
ស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រពិតរបស់កម្ពុជា។
ប្រជាជនកម្ពុជាដែលបានរួចផុតពីការកាប់សម្លាប់ របបប្រល័យពូជសាសន៍បានចាត់ទុកថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។ ជាពិសេសក្រោមការអនុវត្ត នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសយើងគឺ ទទួលបានមកវិញនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី យើងមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើងឡើងវិញ នាំឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕ដោយ គតិ យុត្ត