សំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងសម្រេចឱ្យបាន៩០ភាគរយនៅដំណាច់ខែមីនាខាងមុខ
សៀមរាប៖ក្រុមហ៊ុន AIAIដែលជាក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឱ្យដឹងថាគិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២កន្លងទៅនេះ គម្រោងទាំងមូលសម្រេចបាន៦៣ភាគរយដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំដែលគ្រោងឱ្យបាន ៧០ភាគរយ។ការយឺតជាងគម្រោងនេះដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ជាមួយគ្នាដែរក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣និងធ្វើការប្តេជ្ញា ចិត្តខ្ពស់ថា នឹងសម្រេចឱ្យការងារសាងសង់នេះ ឱ្យបាន ៩០ភាគរយនៅត្រឹមដំណាច់ខែមីនាខាងមុខ។នេះបើយោងតាមលទ្ធផលដែលរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២និងទិសដៅការងារឆ្នាំ២០២៣របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ផ្អែកតាមសមិទ្ធផលជាក់ស្តែង តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និងរបាយការណ៍វឌ្ឍនភាពក្រុមហ៊ុន ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះហើយបានអនុវត្តគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំងដូចដែលយើងបានឃើញនៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់និងគ្រប់ភាគីពាក់ព័ន្ធដែលបាន ជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើងសម្រេចបានសមិទ្ធផលនៅពេលនេះ។ តាមរយៈសមិទ្ធផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនាឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមបន្តទៀតថា កំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។
ដើម្បីឈានទៅសម្រេចបានដូចការគ្រោងទុកឯកឧត្តមប្រធានបានធ្វើការណែនាំចំណុចសំខាន់ៗ ចំនួនបីចំនុច។ក្នុងនោះ ទី១. ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។ទី២. ក្រុមការងារបច្ចេកទេសត្រូវរៀបចំសំណុំលិខិត និងឯកសារនានាដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀតជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់និងទី៣.ជាចំណុចចុងក្រោយគឺ ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ(Service Providers)នៅអាកាសយានដ្ឋានអន្តរជាតិសូមឱ្យយកចិត្តទុកដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ និងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសស្រាប់ដើម្បីជំរុញផ្នែកផ្សព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មីស្ថិតនៅ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អាកាសយានដ្ឋាននេះនឹងអាចទទួលការចុះចតនូវយន្តហោះគ្រប់ប្រភេទបាន ៕ដោយ៖AMS