កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស សម្រេចបាន៦៧ ម៉ឺនតោន នៅឆ្នាំ២០២២
ភ្នំពេញ៖ របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញ ថា នៅឆ្នាំ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ អន្តជាតិសម្រេចបាន ៦៧០ ០០០តោន គិតជាទឹកប្រាក់ ១ ០៧៧លានដុល្លារ (១ពាន់៧៧លានដុល្លា)។
សមាគមបញ្ជាក់ថា តួលេខនាំចេញនេះថយចុះ ៣៤,៦៥ភាគរយ ខណៈដែលចន្ទីត្រូវនាំចេញទៅវៀតណាមច្រើនជាងគេ ដែលមាន បរិមាណមានចំនួន ៦៦០ ០០០តោន ថយចុះ៣៧ភាគរយ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ឱ្យ ដឹងថា រយៈពេលពីរឆ្នាំចុងក្រោយនេះ (២០២១ និង២០២២) ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុខ្លាំង ការឡើងថ្លៃ ជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ បានធ្វើឱ្យប្រជាកសិករប្រកបរបរ ដាំចន្ទីនេះ មានការខាតបង់។
លោកបានបន្ថែមថា អាកាសធាតុប្រែប្រួលខ្លាំង ធ្វើទិន្នផលស្វាយ ចន្ទីធ្លាក់ចុះ ខណៈដែលផល ទទួលបានមកក៏មានគុណភាព និងលក់បានក្នុងតម្លៃថោក ដែលបញ្ហានេះ បានធ្វើឱ្យកសិករ កាប់ស្វាយចន្ទីអស់១០ម៉ឺនហិកតា នៅក្នុងរយៈពេល២ឆ្នាំនេះ មានន័យ គិតត្រឹមចុងឆ្នាំ២០២២នេះ ផ្ទៃដាំដុះស្វាយចន្ទីសរុបនៅ សល់តែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖« មកទល់ពេលនេះ បើសិនជា អាកាសធាតុ អំណោយផលល្អ ដូចសព្វថ្ងៃ និងដូចជាការព្យាកររបស់ក្រសួង ធនធានទឹក យើងនឹងរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះ ៨០ម៉ឺនតោន ទៅមួយលានតោន ក្នុងឆ្នាំ២០២៣នេះ។ បញ្ហា ប្រឈម នៅពេលខាងមុខនេះ គឺទីផ្សាររបស់យើង នៅមិនទៀង ទាត់ដដែល ដែលបណ្តាលមកពីកង្វះរោងចក្រនៅក្នុងស្រុក ដោយយើងពឹងផ្អែកទាំងស្រុងទៅលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស»។
លោកបន្តទៀតថា ការឡើងថ្លៃ ជីកសិកម្ម និងប្រេងឥន្ធនៈ នៅតែ ជាផលប៉ះពាល់ ដែលធ្វើឱ្យការចំណាយថ្លៃដើមខ្ពស់ ។ម្យ៉ាងវិញ ទៀត កសិករ មិនទាន់ចេះរួបរួមគ្នា និងមិនទាន់ចេះបច្ចេកទេសនៃ ការហាលគ្រាប់ស្វាយចន្ទីទុក ឬខ្វះខាតហិរញ្ញវត្ថុ នាំឱ្យគាត់ត្រូវ លក់ចេញទាំងស្រស់ ក្នុងតម្លៃថោកដដែល។
លោក ណុក ប៊ុនថន អ្នកដាំដុះស្វាយចន្ទី និងជាប្រធានសមាគម ស្វាយចន្ទីប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកដាំដុះស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ នឹងចាប់ផ្តើមប្រមូលគ្រាប់ស្វាយចន្ទី នៅចុង ខែមករានេះបណ្តើរៗ ខណៈដែលការប្រមូលផលច្រើន គឺនៅ អំឡុង ខែកុម្ភៈ។
លោកបានបញ្ជាក់ថា៖«នៅឆ្នាំនេះ អាកាសធាតុ ហាក់ដូចជា អំណោយផលចំពោះដំណាំស្វាយចន្ទី ដែលការប្រមូលអាច បានច្រើនជាងឆ្នាំមុន ហើយគ្រាប់ស្វាយចន្ទីក៏មានគុណភាព ល្អផងដែរ។ចំពោះបញ្ហាទីផ្សារនៅតែមិននឹងនរ គឺអាស្រ័យ លើឈ្មួញ តែម្នាក់ គឺវៀតណាម ដូចតម្លៃចុះ ឬឡើងអាស្រ័យ ទៅលើគេ។នេះហើយទើបយើងចង់ឱ្យបង្កើតរោងចក្រ កែច្នៃក្នុង ស្រុកឱ្យបានកាន់តែច្រើនដើម្បីកាត់បន្ថយបញ្ហានេះ »។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នៅខេត្តកំពង់ធំ លោកស្រី អិន ឡៃហួត បាននិយាយថា ការប្រមូលទិញគ្រាប់ ស្វាយចន្ទីពីកសិករ នៅខេត្តកំពង់ធំ និងព្រះវិហារ កាលពីឆ្នាំ ២០២២ កន្លងទៅ បានថយចុះ ដោយសារបញ្ហាអាកាសធាតុ ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីមិនសូវមានគុណភាពផងដែរ។
លោកស្រីបានប្រាប់ដូច្នេះថា ៖« កាលពីឆ្នាំ២០២២ ដៃគូរបស់ យើងមានគម្រោងប្រមូលទិញច្រើន ប៉ុន្តែសហគ្រាសរបស់យើង មិនបានដាក់ពាក្យស្នើស្តង់ដារបានជោគជ័យ និងស្របពេលដែល ស្វាយចន្ទីថយចុះទិន្នផល និងគុណភាព ដោយសារបញ្ហាអាកាស ធាតុផងនោះ សហគ្រាសបានប្រមូលទិញស្វាយចន្ទីពីកសិករ តែ១៥០តោនប៉ុណ្ណោះ»។
បើតាមប្រធានសមាគមស្វាយចន្ទី ការចេញក្តឹបនៅក្នុងរដូវឆ្នាំ ២០២៣នេះ លឿនជាងរដូវ ២០២១ មួយខែ និងលឿនជាងរដូវ ២០២២ មួយខែកន្លះ។ ការចេញក្តឹបលឿននេះអាច ចៀស ពី សន្សើម ប្រៃនាពាក់កណ្តាលខែកុម្ភៈ។
ការប្រមូលផលចន្ទីនឹងអាចចាប់ផ្តើមនាចុងខែមករា២០២៣៕
ដោយ៖វណ្ណ សុជាតា