សហគ្រាសធុន តូច និងមធ្យម ចំនួន២៨ កំពុងស្នើសុំនិមិត្តសញ្ញា គុណភាពផល ផលិតផលជលផលកម្ពុជាពីរដ្ឋបាលជលផល

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) កាលពីខែវិច្ឆកា ឆ្នាំ២០២២ រួចមក បច្ចុប្បន្ន មានសហគ្រាសធុន តូច និងមធ្យម (SME) ចំនួន២៨ ដែលកំពុងរៀបចំដាក់ពាក្យស្នើសុំប្រើប្រាស់CQS ដើម្បីបញ្ជាក់ លើគុណភាព សុវត្ថិភាពផល ផលិតផលជលផលរបស់ខ្លួន។

លោក ឈួន ចំណាន នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) បានប្រាប់ឱ្យដឹងថា រដ្ឋបាលជលផល កំពុងជួយដល់ SME មួយចំនួនដែលមានលទ្ធភាពក្នុងការធ្វើឱ្យប្រសើរ ឡើង នូវអាជីវកម្មផ្នែកកែច្នៃផលិតផលជលផលរបស់គាត់ ដើម្បីអាចឱ្យ អាជីវកម្មទាំងនោះអាចដាក់ពាក្យស្នើសុំនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS)ទៅតាមគោលការណ៍ ដែលបាន កំណត់។

លោកបានបញ្ជាក់ថា ៖ «សព្វថ្ងៃនេះ២៨ SME ហ្នឹង កំពុងរៀបចំ ឯកសារ សម្រាប់ដាក់ស្នើសុំឱ្យប្រើប្រាស់ទាំងឡូហ្គូ និងវិញ្ញាបន បត្របញ្ជាក់ ដែល SME ទាំងនេះ សុទ្ធតែពាក់ព័ន្ធផ្នែកជលផល ទាំងអស់។ ដោយសារបច្ចុប្បន្ននេះ មានចំណុចខ្វះខាត ជាពិសេស លើសម្ភារៈបរិក្ខាដែលប្រើប្រាស់ក្នុងសិប្បកម្មរបស់គាត់ មិនទាន់ ឆ្លើយ តបនឹងតម្រូវការគុណភាព ទើបក្រោមគម្រោងអភិវឌ្ឍន៍ ជលផលក្រោយប្រមូលផល (CAPFish-Capture) ដែល ទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU) និង UNIDO អនុវត្ដដែរនោះ ជួយគាំទ្រដល់ SMEទាំងនោះ»។

លោក ឈួន ចំណាន បានបន្ថែមថា មុននឹងទទួលបាននិមិត្ត សញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS)នេះ ត្រូវឆ្លងកាត់ការចុះត្រួតពិនិត្យ និងវាយយ៉ាងហ្មត់ចត់ពីក្រុម ការងារជំនាញ ដើម្បីអាចប្រើប្រាស់និមិត្តសញ្ញានេះបាន។

លោកបានបញ្ជាក់ទៀតថា ៖ «ការត្រួតពិនិត្យរបស់ក្រុមការងារ គឺមានលក្ខណៈត្រឹមត្រូវ និងច្បាស់លាស់ណាស់ ដោយក្រុម ការងារយើងមានសិទ្ធិក្នុងការដកហូតនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) និងវិញ្ញាបនបត្រនេះមក នៅក្នុងករណីដែល SMEទាំងនោះមិនអនុវត្តតាមគោលការណ៍ ដែលបានកំណត់ឱ្យបានត្រឹមត្រូវ»។

តែទោះជាយ៉ាងណាប្រព័ន្ធនេះ មិនត្រូវបានអនុវត្តសម្រាប់វិស័យ វារីវប្បកម្មនោះទេ ដោយលោកបានពន្យល់ថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ផ្សេងពីស្តង់ដារអនុវត្តប្រព័ន្ធវារីវប្បកម្មល្អ ប៉ុន្តែនៅពេលដែល វារីវប្បករអនុវត្តវារីវប្បកម្មល្អ ផលវារីវប្បកម្ម របស់គាត់ អាចនឹង ក្លាយទៅជាវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ទៅសិប្បកម្ម ដែលទទួល បាន ថា ប្រព័ន្ធវិញ្ញាបនបត្រ CQSនេះ។

ចំណែកប្រធានសមាគមវារីវប្បកម្មកម្ពុជា លោក សុខ រ៉ាដែន យល់ឃើញថា ការដាក់ឱ្យដំណើរការប្រព័ន្ធវិញ្ញាបនបត្រ CQS មានអត្ថប្រយោជន៍យ៉ាងធំធេង ជាពិសេសសម្រាប់អ្នកបរិភោគ ខណៈដែលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភច្រើន ចំពោះបញ្ហាសុវត្ថិភាពចំណីអាហារ ជាពិសេសផលិតផល ជល ផល។

លោកបានប្រាប់ថា ៖ «យើងរំពឹង ខាងក្រុមការងារជំនាញនៃរដ្ឋ បាល ជលផល នឹងអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីជូន នូវជំនឿទុកចិត្តដល់អ្នកបរិភោគ លើផលិតជលផលកម្ពុជា ក្នុងការធានាបាននូវគុណភាព និងសុវត្ថិភាពពិតប្រាកដ»។

លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្ម កែថ្នៃទីឡាប់ព្យា Cambodia Fresh Farm មានប្រសាសន៍ដែរ ថា ខាងសិប្បកម្មរបស់ក្រុមហ៊ុនលោក បានដាក់ពាក្យស្នើសុំ ប្រព័ន្ធ វិញ្ញាបនបត្រ CQSនេះហើយ ដោយការស្នើសុំប្រព័ន្ធ សិប្បកម្ម របស់ លោក ត្រូវកែប្រែទម្លាប់ចាស់ជាច្រើន និងត្រូវធ្វើទៅតាម ស្តង់ដារអឺរ៉ុបវិញ។
លោកបានបញ្ជាក់ថា ៖ «ពីមុនបច្ចេកវិទ្យារបស់យើង មានភាពខុស ប្លែកពីខាងជលផល ដូចនេះយើងមានការប្រែក្រែច្រើនទាំងទីតាំង និងបច្ចេកវិទ្យាកែច្នៃ។ការទទួលបានប្រព័ន្ធវិញ្ញាបនបត្រ CQSនេះ មានប្រយោជន៍ខ្លាំងណាស់ ព្រោះថា វាធ្វើឱ្យការកែច្នៃរបស់ សិប្បកម្ម ឬរោងចក្រទាំងអស់ប្រព្រឹត្តទៅតាមស្តង់ដារតែមួយ ដែលធ្វើឱ្យអ្នកបរិភោគជឿទុកចិត្តបានទាំងអតិថិជន ក្នុងស្រុក និងក្រៅស្រុក»។

បើតាមនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) នេះជាលើកទី១ហើយ ដែលកម្ពុជា បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធ វិញ្ញាបនបត្រ CQS បញ្ជាក់គុណភាពផលិតផលជលផល។ ប្រព័ន្ធនេះ មានគោលបំណង ការពារសុខភាពសាធារណៈ, បង្កើនភាពជឿជាក់ នៅក្នុងអាជីវកម្ម,ជំរុញឱ្យមានការប្រកួតប្រជែង ក្នុងទីផ្សារនៅក្នុងស្រុក និងជំរុញការនាំចេញផលិតផលជលផល ប្រកបដោយគុណភាព និងសុវត្ថិភាព។

សូមបញ្ជាក់ថា CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រផ្អែកតាម គោលការណ៍ ស្ម័គ្រចិត្ត ដើរតួជាវិធានការបណ្តោះអាសន្ន មុននឹងឈានទៅ ដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការលើសុវត្ថិភាព ម្ហូបអាហារ។ ប្រព័ន្ធនេះតម្រូវឱ្យរាល់ប្រតិបត្តិការជលផល អនុវត្តឱ្យបានតម្រូវការអប្បបរមាផ្នែកសុខភាពនិងអនាម័យ។

ទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញថា ប្រជាជនកម្ពុជា ប្រហែលបីលាននាក់ (២០ភាគរយនៃប្រជាជនសរុប) ពឹងផ្អែកដោយផ្ទាល់លើផលជលផលជាអាហារ និងប្រកបរបរចិញ្ចឹមជីវិត។

នៅក្នុងនោះទទួលទានត្រីជាអាហារខ្ពស់ជាងគេ ប្រមាណ ៥៧,៣ គីឡូក្រាម/នាក់ ក្នុងមួយឆ្នាំ ខណៈឆ្នាំ២០១១ ការ ទទួល ទានត្រី ជាអាហារខ្ពស់បំផុត គឺបរិភោគចំនួន ៦៣,២ គីឡូ ក្រាមក្នុងម្នាក់ ក្នុងមួយឆ្នាំ៕
ដោយ៖វណ្ណ សុជាតា

ads banner