ចិនផ្អាកទិដ្ឋាការរយៈពេលខ្លីសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង ជាការ សងសឹកចំពោះចំណាត់ការរបស់ក្រុងសេអ៊ូលលើអ្នកដំណើរពីចិន
សេអ៊ូល៖ ស្ថានទូតចិនប្រចាំកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹង បញ្ឈប់ ការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់ពលរដ្ឋកូរ៉េខាងត្បូងដែល ចូលមកក្នុងប្រទេសចិនសម្រាប់ការចូលទស្សនា ទេសចរណ៍ អាជីវកម្ម ការព្យាបាលវេជ្ជសាស្ត្រ។ល។
ប្រភពដដែលនិយាយថា៖ «ចំណាត់ការនេះអាចនឹងត្រូវបានកែ សម្រួលម្តងទៀតស្របតាម “ការរឹតបន្តឹងដោយរើសអើង” របស់ កូរ៉េខាងត្បូងលើអ្នកដំណើរចិន»។ នេះជាវិធានការសងសឹកលើកដំបូងប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ដែលដាក់ចេញវិធានការថ្មីៗបង្ការជំងឺកូវីដ១៩លើអ្នកដំណើរ ពីចិន។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោកQin Gang បានសម្តែងការព្រួយបារម្ភ អំពីការរឹតបន្តឹងលើអ្នក ដំណើរចិនពីសំណាក់កូរ៉េខាងត្បូង នៅក្នុងការសន្ទនាតាម ទូរស័ព្ទជាមួយសមភាគីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តី ថ្លែង ការណ៍មួយថា៖« រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានសម្រេច ចិត្ត(ចេញវិធានការ)ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត ហើយ បានស្នើឱ្យចិនធ្វើការរួមគ្នាដើម្បីជួយរក្សាស្ថិរភាពនៃស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ»។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lim Soo-suk ថ្លែងក្នុងសន្និសីទកាសែតថា វិធានការលើអ្នកដំណើរមកពី ប្រទេស ចិនគឺផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត។
សប្តាហ៍មុនកូរ៉េខាងត្បូងបានចាប់ផ្តើមតម្រូវឱ្យអ្នកធ្វើដំណើរពីប្រទេសចិនឆ្លងកាត់ការធ្វើតេស្ត PCR នៅពេលមកដល់ បន្ទាប់ពី ចិនសម្រេចបន្ថយវិធានការរឹតបន្តឹងតាមគោលនយោបាយគ្មានកូវីដ(កូវីដសូន្យ)។កូរ៉េខាងត្បូងក៏តម្រូវឱ្យអ្នកដំណើរផ្តល់លទ្ធផល PCR អវិជ្ជមាន ក្នុងរយៈពេល 48ម៉ោងមុនជាន់ដីកូរ៉េឬតម្រូវ ឱ្យអ្នកដំណើរពីចិនធ្វើតេស្តអង់ទីហ្សែនក្នុងរយៈពេល២៤ម៉ោងមុនជាន់ដីកូរ៉េដូចគ្នាដែរ។ កូរ៉េខាងត្បូងក៏បានផ្អាកទិដ្ឋាការខ្លីសម្រាប់ជនជាតិចិនរហូតដល់ចុងខែមករានេះ។
កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលីសកូរ៉េខាងត្បូងបានតាមដានបុរសជន ជាតិ ចិនម្នាក់ដែលបានបាត់ខ្លួន ពេលគេកំពុងរង់ចាំការធ្វើ ចត្តាឡីស័ក បន្ទាប់ពីលទ្ធផលតេស្តកូវីដ១៩វិជ្ជមានពេលគេមក ដល់អាកាសយានដ្ឋានកូរ៉េខាងត្បូង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយ ថា វិធានការចត្តាឡីស័កនិងការរឹតបន្តឹងដោយវិធានការនានា តាម ព្រំដែននេះធ្វើឡើងផ្ដោតលើសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះហើយមិនមានហេតុផលនយោបាយឡើយ។
លោកថា៖«គ្មានប្រទេសណាមួយលើពិភពលោកចាត់ទុកការធ្វើចត្តាឡីស័ក និងការរឹតបន្តឹងតាមព្រំដែន ជាបញ្ហាការទូត នយោបាយ សេដ្ឋកិច្ច ឬពាណិជ្ជកម្មទេ។នោះជាវិទ្យាសាស្ត្រ យើងយកចិត្តទុកដាក់តែលើសុវត្ថិភាព និងសុខភាពរបស់ ប្រជាជន ប៉ុណ្ណោះ»។
ភាពតានតឹងចុងក្រោយបំផុតបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងធ្លាក់ចុះដោយមានការប៉ះពាល់យ៉ាងខ្លាំងចំពោះអាជីវកម្មជាមួយប្រទេសចិន៕
ដោយ៖វណ្ណ ស័ក្ដិ