២៤ម៉ោងចុងក្រោយ អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ២ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៣០០ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងកូវីដ១៩ នៅអាស៊ានថ្ងៃនេះ បើទោះបីបានកើនឡើងជាងម្សិលមិញក៏ដោយ ប៉ុន្តែតួលេខឆ្លងសរុបប្រចាំថ្ងៃនារយៈពេល៣សប្តាហ៍ចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ដែលពីមុនធ្លាប់តែមានតួលេខឆ្លងច្រើនដល់ ៥ខ្ទង់ បានធ្លាក់មកនៅត្រឹមតែ៤ខ្ទង់ស្តើង ប៉ុណ្ណោះ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន តែ ២ពាន់៦០៤ករណី ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៩ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង ដែលមានចំនួន ៩៩៧ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ៣ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៨នាក់ ក្នុងនោះប្រទេសថៃ មានមនុស្សស្លាប់ចំនួន ៥៨នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៤ម៉ឺន ២ពាន់ ៣៦១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ២១៥នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៦៩លានករណី, និងការស្លាប់មានជាង ៦លាន ៧១ម៉ឺន នាក់។

ads banner