លោក ចូ បៃដិន ប្រកាសអាសន្ននៅរដ្ឋកាលីហ្វ័រញ៉ា ខណៈព្យុះរដូវរងានៅតែបន្តវាយប្រហារ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលព្យុះរដូវរងានៅតែបន្តវាយលុករដ្ឋដែលមានប្រជាជនច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិកមួយនេះ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋកាលីហ្វ័រញ៉ា កុលសម្ព័ន្ធ និងមូលដ្ឋាន ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងាជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ក៏ដូចជាទឹកជំនន់ និងការរអិលបាក់ដី។

សេចក្តីប្រកាសគ្រាអាសន្នរបស់សហព័ន្ធ នឹងអនុញ្ញាតឱ្យក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធរបស់សហរដ្ឋអាមេរិក សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយទាំងអស់។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុន នូវភាពអាសន្ននៅទូទាំងរដ្ឋភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាផ្ទះរបស់អ្នកស្រុកប្រហែល ៤០លាននាក់ ដោយសារខ្យល់ព្យុះរដូវរងាខ្លាំង។

ចាប់តាំងពីចុងខែធ្នូមក ប្រជាជនកាលីហ្វ័រញ៉ាចំនួន ១២នាក់បានស្លាប់ដោយសារផលប៉ះពាល់ទាក់ទងនឹងព្យុះ រួមទាំងទឹកជំនន់ ច្រើនជាងចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះរួមបញ្ចូលគ្នា។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យអភិបាលរដ្ឋកាលីហ្វ័រញ៉ា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner