ចិនផ្អាកចេញទិដ្ឋាការដល់ប្រជាជនកូរ៉េខាងត្បូង ជាការសងសឹកចំពោះការរឹតត្បិតជំងឺកូវីដ-១៩
អត្ថបទដោយ៖
ឈឹម ទីណា
សេអ៊ូល ៖ ស្ថានទូតចិននៅទីក្រុងសេអ៊ូលប្រកាសថា ខ្លួនបានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លី សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលធ្វើដំណើរទៅកាន់ប្រទេសចិន។
ស្ថានទូតចិនបានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា ចំណាត់ការនេះ គឺជាការសងសឹកចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការដាក់កំហិតលើការចូលរបស់ប្រជាជនដែលមកពីប្រទេសចិន។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំណត់កាតព្វកិច្ចធ្វើតេស្ត PCR រកជំងឹកូវីដ១៩សម្រាប់អ្នកដំណើរ មុន និងក្រោយពេលមកដល់ពីប្រទេសចិន រហូតដល់ចុងខែកុម្ភៈខាងមុខ។
គោលនយោបាយនេះ គឺដោយសារតែករណីឆ្លងជំងឺកូវីដ១៩របស់ប្រទេសចិនកើនឡើងខ្លាំង។ បន្ថែមលើនេះ កូរ៉េខាងត្បូងក៏កំពុងកំណត់ការចេញទិដ្ឋាការរយៈពេលខ្លីរបស់ខ្លួនរហូតដល់ចុងខែមករានេះផងដែរ។ ជាការឆ្លើយតប ក្រសួងការបរទេសចិនបានលើកឡើងថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងការរឹតបន្តឹងការចូលប្រទេសដ៏តឹងរ៉ឹងហួសហេតុដោយប្រទេសដទៃទៀត៕

ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។