ក្រសួងព័ត៌មានតម្រូវឱ្យអ្នកសារព័ត៌មាន និងមន្រ្តីដែលនឹងចូលរួម ពិធីជួបជុំជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៤ ធ្វើ តេស្តកូវីដ១៩
ភ្នំពេញ៖ ក្រសួងព័ត៌មានបានស្នើនិងណែនាំទៅដល់គ្រប់ អ្នក សារព័ត៌មាន ទាំងអស់ដែលទទួលបានការឯកភាពសម្រេច ចូលរួម ពិធីជួបជុំជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែមករា ខាងមុខ នេះ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ នាទីស្តីការ ក្រសួង។
នៅថ្ងៃទី១៤ខែមករា ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយអ្នកសារព័ត៌មានដោយ ផ្ទាល់ ដែលជាជំនួបលើកទី៥ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែមករា បានជូនដំណឹងពីស្ដីពីការ ចូលរួមពិធីជួបជុំរវាងសម្ដេចតេជោនាយករដ្ឋមន្រ្តី និងអ្នក សារព័ត៌មាន ដោយស្នើឱ្យម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយ និងអ្នក សារព័ត៌មាន ទាំងអស់ ត្រូវអនុវត្តនូវការណែនាំមួយចំនួន ពីក្រសួង ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានាបាននូវ សុខមាលភាពសាធារណៈ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ៖ «អ្នកសារព័ត៌មានទាំងអស់ ត្រូវមកធ្វើតេស្ដរហ័សជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមករានាទីស្តីការ ក្រសួងព័ត៌មាន អគារថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោត ទស្សន៍។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានីខេត្ត អាចម្ចាស់ការធ្វើតេស្តដោយ ខ្លួនឯង និងបង្ហាញលទ្ធផលដល់អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះបឋម និងបញ្ហាជំងឺកូវីដ១៩ ពេលទៅដល់ ទីតាំងកម្មវិធី»។
អង្គភាពដែលទទួលបានការឯកភាពសម្រេចចូលរួមពិធីនេះ ត្រូវទទួលបណ្ណចូលរួមចាប់ពីថ្ងៃទី១២ ខែមករា នៅការិយាល័យ ច្រក-ចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជាន់ទី១នៅរៀងរាល់ម៉ោងធ្វើការ ហើយអ្នកសារព័ត៌មានត្រូវ មកដល់ទីតាំងប្រារព្ធពិធីនៅម៉ោង ១៤:០០ នាទីរសៀល ដើម្បី ស្កេនបណ្ណ ពិនិត្យលទ្ធផលតេស្តរហ័សជំងឺកូវីដ១៩ និង ស្កេន កម្ដៅ។
ក្រសួងព័ត៌មានបានហាមអ្នកសារព័ត៌មានដែលនឹងចូលរួមកម្មវិធីមិនឱ្យយកម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយក្រោយ (Bag pack) ចូលក្នុងកម្មវិធីឡើយ។
ប្រភពដដែលបានបន្តថា បណ្ណសម្គាល់អត្តសញ្ញាណ ត្រូវពាក់គ្រប់ ពេលវេលាក្នុងអំឡុងកម្មវិធី និងត្រូវទុកជាមោឃៈ ប្រសិនបើមាន ការ ផ្លាស់ប្ដូរ ដោយគ្មានការអនុញ្ញាតពីគណៈគ្រប់គ្រងកម្មវិធី។
ទាក់ទងនឹងជំនួបនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលពីដើមសប្តាហ៍នេះថា សម្ដេច ស្វាគមន៍ ការផ្ដល់ឱកាសឱ្យអ្នកកាសែតសួរសំណួរទៅកាន់លោក ក្នុងកម្មវិធីជួបជុំគ្នានេះដែរ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ធ្លាប់លើកឡើងថា ជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ធ្វើ ឡើងដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កើនទំនាក់ទំនង រវាងអ្នកសារព័ត៌មាន និងអ្នក នាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ដ។
សូមរំឮកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាបានកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំ ជាមួយអ្នកសារព័ត៌មាន ក្រោយការខកខានរយៈពេលពីឆ្នាំ ដោយសារវិបត្តិកូវីដ១៩ ហើយថ្ងៃទី១៤ មករា ឆ្នាំនេះទៀតសោត ជាខួបរំឭកដល់ថ្ងៃដែលលោកបានឡើងជានាយករដ្ឋមន្ត្រីកាលពីជិត៤០ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៤៕
ដោយ៖នាង សុគន្ធា
