អង្គការសុខភាពពិភពលោក ជំរុញឱ្យអ្នកដំណើរពាក់ម៉ាស់
អន្តរជាតិ៖ អង្គការសុខភាពពិភពលោក(WHO) បានជំរុញឱ្យអ្នក ដំណើរពាក់ម៉ាស់ ខណៈមេរោគកូវីដ១៩ប្រភេទអូមីក្រុង កំពុង ឆ្លងរាលដាលខ្លាំង។នេះបើតាមការបញ្ជាក់របស់មន្ត្រីអង្គការ សុខភាពពិភពលោក (WHO) នៅថ្ងៃទី១០ខែមករា។
អ្នកជំនាញWHOលើកឡើងថា៖«ប្រទេសនានាគួរតែពិចារណាផ្តល់អនុសាសន៍ឱ្យអ្នកដំណើរពាក់ម៉ាស់នៅលើជើងហោះហើរផ្លូវឆ្ងាយ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទ Omicronដូចយ៉ាងនៅសហរដ្ឋអាមេរិក»។
មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុបលោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរ គួរតែត្រូវបានគេណែនាំឱ្យពាក់ម៉ាស់នៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរផ្លូវឆ្ងាយជាដើម។
អ្នកស្រីបន្ថែមថា៖«អាជ្ញាធរគួរតែណែនាំដល់អ្នកដំណើរដែលមកពីគ្រប់ទីកន្លែងដែលមានការរីករាលដាលនៃ COVID -19»។
អ្នកជំនាញបាននិយាយថា បច្ចុប្បន្នវ៉ាក់សាំងនៅតែបន្តការពារ ប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរ ព្រមទាំងបន្ថយករណីសម្រាក ព្យាបាល នៅមន្ទីរពេទ្យ និងបន្ថយករណីប្រឈមនឹងមរណភាព។
អ្នកស្រីSmallwood បន្ថែមថា៖«បណ្តាប្រទេសនានាត្រូវពិនិត្យ មើល មូលដ្ឋានភស្តុតាងសម្រាប់ការធ្វើតេស្តមុនពេលចេញដំណើរ ប៉ុន្តែវិធានការនានាចំពោះអ្នកដំណើរ គួរតែត្រូវបានអនុវត្តដោយ មិនរើសអើង»។
ទោះជាយ៉ាងណាលោកស្រីបានបន្ថែមថា អនុសាសន៍ទាំង អស់ នេះមិនមែនបានន័យថា WHO ចង់ឱ្យប្រទេសទាំងអស់ ដាក់ ចេញវិធានការរឹតបន្តឹងលើអ្នកដំណើរទាំងអស់នោះឡើយ។
យោងតាមទិន្នន័យដែលបានរាយការណ៍ដោយអង្គការសុខភាពពិភពលោកនៅដើមខែនេះ បង្ហាញថា មជ្ឈមណ្ឌលគ្រប់គ្រងនិង ការពារជំងឺរបស់ចិន បានរកឃើញពីករណីOmicron sublineages BA.5.2 និង BF.7 ដែលបានឆ្លងរីករាលដាល ច្រើនករណីក្នុងប្រទេសចិន។
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) និង មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) បានចេញអនុសាសន៍សម្រាប់ជើងហោះហើររវាងប្រទេសចិន និងសហភាពអឺរ៉ុប ដោយតម្រូវឱ្យពាក់ម៉ាស់ និងការធ្វើតេស្តអ្នក ធ្វើដំណើរ។ស្ថាប័ននេះ ជំរុញឱ្យប្រទេសនីមួយៗ ធ្វើតេស្តរហ័ស លើអ្នកដំណើរដែលមកដល់ដែនដីខ្លួននិងសម្លាប់មេរោគនៅក្នុងយន្តហោះជាដើម។
កាលពីសប្តាហ៍មុនស្ថាប័នជំនាញនៃសហភាពអឺរ៉ុប បានណែនាំ ឱ្យអ្នកដំណើរទាំងអស់នៅលើជើងហោះហើរទៅនិងមកពីប្រទេសចិនគួរតែពាក់ម៉ាស់ ហើយតម្រូវឱ្យអាជ្ញាធរតំបន់ ធ្វើតេស្តរហ័ស នៃអ្នកដំណើរពីប្រទេសចិន។
អ្នកវិទ្យាសាស្ត្រជាច្រើន រួមទាំងមកពីអង្គការសុខភាពពិភពលោក ជឿថាប្រទេសចិនទំនងជាលាក់កំបាំងពីសភាពពិតនៃការផ្ទុះរាលដាលរបស់កូវីដ១៩ក្នុងរយៈពេលចុងក្រោយនេះ។ប្រទេសជាង១០ រួមទាំងសហរដ្ឋអាមេរិកផងដែរ ចេញវិធានការធ្វើតេស្ត COVID-19 ពីអ្នកដំណើរមកពីប្រទេសចិន ខណៈដែលប្រទេសផ្សេងៗទៀត ដែល មានទំនាក់ទំនងល្អជាមួយចិនមិនអនុវត្តវិធានការ នេះ ឡើយ៕
ដោយ៖វណ្ណ ស័ក្ដិ