តុលាការកំពូលហ្វីលីពីន មោឃភាពកិច្ចព្រមព្រៀងចាស់ ស្ដីពី ការរុករក ថាមពលនៅសមុទ្រចិនខាងត្បូង

ម៉ានីល៖ តុលាការកំពូលហ្វីលីពីនកាលពីថ្ងៃអង្គារបានសម្រេច ដាក់ឱ្យខុសច្បាប់នូវកិច្ចព្រមព្រៀងរុករកថាមពលឆ្នាំ ២០០៥ ជាមួយក្រុមហ៊ុនចិននិងវៀតណាម ដោយសម្អាងលើរដ្ឋធម្មនុញ្ញ ដែល មិនអនុញ្ញាតឱ្យអង្គភាពបរទេសទាំងពីរធ្វើអាជីវកម្មលើ ធនធានធម្មជាតិ។

តុលាការកំពូលបានចាត់ទុកជាមោឃៈនូវអ្វីដែលជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនប្រេងជាតិហ្វីលីពីន (PNOC) ដែលរដ្ឋគ្រប់គ្រង ក្រុមហ៊ុន ចិន China National Offshore Oil Corp និង ក្រុមហ៊ុនវៀតណាម Vietnam Oil and Gas Corporation ដែលគ្របដណ្តប់លើដែនសមុទ្រចិនខាងត្បូង ១៤២ ៨៨៦ គីឡូម៉ែត្រការ៉េ ។ តុលាការចាត់ទុកថាវាខុសច្បាប់ ដោយសារ រដ្ឋធម្មនុញ្ញបានចែងថា រដ្ឋហ្វីលីពីនត្រូវតែគ្រប់គ្រង និងត្រួតពិនិត្យ សកម្មភាព ហើយក្រុមហ៊ុនដែលពាក់ព័ន្ធត្រូវតែជាកម្មសិទ្ធិ របស់ ហ្វីលីពីនភាគច្រើន។

សេចក្ដីសម្រេចលើកិច្ចព្រមព្រៀងដែលបានផុតកំណត់ក្នុងឆ្នាំ ២០០៨ អាចធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេស ចិនដើម្បីស្ដារកិច្ចចរចាររុករកប្រេង និងឧស្ម័នក្នុងតំបន់ គ្មាន ជម្លោះនៃសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីនឡើងវិញ។ តុលាការកំពូលហ្វីលីពីន មិនបានផ្តល់ការពន្យល់អំពី មូលហេតុ ដែលការសម្រេចនេះ ទើបតែធ្វើឡើងនោះទេ។ នេះបើតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គួរបញ្ជាក់ថា ចិន និងហ្វីលីពីន បានខ្វែងគំនិតគ្នាអស់ជា ច្រើន ទសវត្សរ៍មកហើយលើអធិបតេយ្យភាព និងធនធានធម្មជាតិ នៅក្នុងសមុទ្រចិនខាងត្បូង ដែលនាំឱ្យមានការកាត់ក្ដីនៅតុលាការ ក្រុងឡាអេដ៏សំខាន់មួយក្នុងឆ្នាំ ២០១៦ ដែលបានសម្រេចឱ្យចិន គ្មានសិទ្ធិទាមទារនៅសមុទ្រចិនខាងត្បូង ដែលជាជ័យជម្នះរបស់ ម្ចាស់បណ្ដឹងហ្វីលីពីន។

បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកមធ្យោបាយ ស្រប ច្បាប់ធ្វើការរួមគ្នាលើការរុករកថាមពលបានជាប់គាំងម្ដងហើយម្ដងទៀត។ កាលពីខែមិថុនាឆ្នាំមុន រដ្ឋាភិបាលហ្វីលីពីនចាស់បាន បោះបង់ចោលការប៉ុនប៉ងចុងក្រោយដោយលើកឡើងពីឧបសគ្គរដ្ឋធម្មនុញ្ញ និងបញ្ហានៃអធិបតេយ្យភាព។

មុនធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិនដើម្បីជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង កាលពីសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានថ្លែងថា ប្រទេសរបស់លោក ត្រូវតែស្វែងរកមធ្យោបាយដើម្បីទាញយកទុនបម្រុងថាមពលដែលមិនទាន់បានប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ទោះបីជាមិនមានអ្នកជំនាញពីប្រទេសចិនក៏ដោយ។

ប្រទេស ចិនបានអះអាងថាខ្លួនមានយុត្តាធិការលើសមុទ្រចិន ខាង ត្បូងស្ទើរតែទាំងមូល ហើយហានិភ័យនៃសកម្មភាពរុករកថាមពល ដោយសារតែការរំខាន បានធ្វើឱ្យហ្វីលីពីនមានល្បិច ក្នុងការស្វែង រកដៃគូបរទេស ទោះបីជាតុលាការអាជ្ញាកណ្តាលក្រុងឡាអេ បាន បញ្ជាក់ពីសិទ្ធិរបស់ហ្វីលីពីនក៏ដោយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Philippines top court voids old South China Sea energy deal

ads banner