ធនាគារពិភពលោកព្រមានថាពិភពលោកអាចធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ

អន្តរជាតិ៖ ធនាគារពិភពលោកបានកាត់បន្ថយអត្រានៃ ការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ របស់ខ្លួន កាលពីថ្ងៃអង្គារទី ១០ ខែមករាឆ្នាំ២០២៣ ហើយព្រមានពីវិបត្តិ សេដ្ឋកិច្ច ក្រោមឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់ខ្ពស់របស់ ធនាគារកណ្តាល, ការបន្តអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន និងការថយចុះរបស់ប្រទេសមានសេដ្ឋកិច្ចធំៗជាដើម។

ធនាគាររំពឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP,ជីឌីភី) របស់ពិភពលោកនឹងមានត្រឹម ១,៧ ភាគរយនៅឆ្នាំ២០២៣ ដែល វាគឺជាអត្រាទាបបំផុតតាំងពីឆ្នាំ១៩៩៣។ នេះបើគេមិនរាប់ បញ្ចូល វិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៩ និង ២០២០។

ក្នុងរបាយការណ៍ទស្សនៈវិស័យសេដ្ឋកិច្ចសកល ដែលចេញ ផ្សាយ កាលពីខែមិថុនា ឆ្នាំ ២០២២ ធនាគារបានរំពឹងថា កំណើន សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ នឹងមានចំនួន ៣,០ ភាគរយ។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ក៏បានព្យាករ ផង ដែរ ថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នឹងកើនឡើង ទៅ ២,៧ ភាគរយវិញ ប៉ុន្តែអត្រានេះនៅតែទាបជាងការព្យាករណ៍ ២,៩ ភាគរយ កាលពីលើកមុន។ ធនាគារបន្តទៀតថា កំណើន សេដ្ឋកិច្ចជាមធ្យមចន្លោះពីឆ្នាំ ២០២០-២០២៤ នឹងស្ថិតនៅ ក្រោម ២ ភាគរយ ដែលវាជាកំណើនទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦០។

ធនាគារពិភពលោក បានលើកឡើងថា ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ សំខាន់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ទាំងនៅ សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ អាចបង្ហាញពីការធ្លាក់ចុះ សេដ្ឋកិច្ចពិភពលោកថ្មីមួយ ក្នុងរយៈពេលមិនដល់បីឆ្នាំផង រាប់តាំងពីសេដ្ឋកិច្ចពិភពលោកជាប់គាំងដោយសារវិបត្តិកូវីដ-១៩ក្នុងឆ្នាំ ២០២០។

ធនាគារដដែលបាននិយាយក្នុងសេចក្ដីថ្លែងការណ៍អមជាមួយនឹងរបាយការណ៍ចុងក្រោយថា៖«ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចផុយស្រួយ ស្ថានភាពអវិជ្ជមានថ្មីណាមួយ ដូចជាអតិផរណាខ្ពស់ ជាងការរំពឹងទុក ការដំឡើងអត្រាការប្រាក់ភ្លាមៗ ដើម្បីទប់ ទល់នឹងអតិផរណា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ឬការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ អាច ជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច»។

ធនាគារពិភពលោកបានបន្តទៀតថា ទស្សនៈវិស័យមិន ល្អនឹង មានផលបំបាក ជាពិសេសសម្រាប់ប្រទេសដែលមានទីផ្សារ កំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ខណៈប្រទេសទាំងនោះ ប្រឈមមុខនឹងបន្ទុកបំណុលដ៏ធ្ងន់ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងកំណើនប្រាក់ចំណូល និងការធ្លាក់ចុះនៃការវិនិយោគ អាជីវកម្មជាដើម។

ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច និងការវិនិយោគអាជីវកម្ម នឹងធ្វើឱ្យមានការដើរថយក្រោយ យ៉ាង ធ្ងន់ធ្ងរនៅក្នុងវិស័យអប់រំ សុខាភិបាល ភាពក្រីក្រ និងហេដ្ឋារចនា សម្ព័ន្ធ និងកំណើននៃសកម្មភាពអាកាសធាតុ»។

ទន្ទឹមនេះធនាគារពិភពលោកបានកត់សម្គាល់ថា សម្ពាធ អតិផរណាមួយចំនួនបានចាប់ផ្តើមធ្លាក់ចុះនៅពេលជាមួយនឹងតម្លៃថាមពល និងទំនិញទាប ប៉ុន្តែបានព្រមានថា ហានិភ័យនៃការរំខាន ការផ្គត់ផ្គង់ថ្មីគឺខ្ពស់ ហើយអតិផរណាស្នូល (មិនរាប់បញ្ជូលតម្លៃ អាហារ និងថាមពល) អាចបន្តកើនឡើង។ ធនាគារបន្ថែមថា បញ្ហានេះអាចបណ្តាលឱ្យធនាគារកណ្តាលឆ្លើយតបដោយការបង្កើនអត្រាគោលនយោបាយហិរញ្ញវត្ថុលើសពីការរំពឹងទុកនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ ទៅទៀត។

ជាមួយគ្នានេះ ធនាគារបានអំពាវនាវក្នុងរបាយការណ៍ឱ្យមានការ បង្កើន ការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីជួយប្រទេសដែល មានប្រាក់ចំណូលទាប ដែលប្រឈមមុខនឹងវិបត្តិស្បៀងអាហារ និងថាមពល បញ្ហានៃការផ្លាស់ទីលំនៅរបស់ប្រជាជនដោយសារ ជម្លោះ និងហានិភ័យនៃកំណើនវិបត្តិបំណុល។ របាយការណ៍ថា ការផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយថ្មីគឺត្រូវការជាចាំបាច់ រួមជាមួយនឹងការប្រើប្រាស់ទុនឯកជន និងធនធានក្នុងស្រុក ដើម្បី ជួយជំរុញការវិនិយោគលើការសម្របខ្លួននឹងវិបត្តិអាកាសធាតុ ធនធានមនុស្ស និងសុខភាព៕
ដោយ៖ហួន ឌីណា
ប្រភព៖ World Bank warns global economy could tip into recession in 2023

ads banner