ឯកអគ្គរាជទូតថៃនិងអភិបាលខេត្តប៉ៃលិន បញ្ជាក់ពីការ ដោះស្រាយបញ្ហានានានៅតាមព្រំដែនដើម្បីប្រយោជន៍ប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកអគ្គរាជទូតថៃនិងអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ ជូនគ្នា ទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានានៅ តាម ព្រំដែនដើម្បីបម្រើប្រយោជន៍ប្រទេសទាំងពីរ។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ នៅដើមខែមករាកន្លងទៅនេះ។
លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គ រាជទូតថៃថ្មីប្រចាំនៅកម្ពុបានឱ្យដឹងថា កិច្ចពិភាក្សាជាមួយ រដ្ឋបាល ខេត្តប៉ៃលិននាពេលនេះ គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការល្អលើវិស័យអាទិភាពសំខាន់ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់ដូច្នេះ ថា៖«ខ្ញុំសន្យាថា នឹងខិតខំជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការ ល្អបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសបណ្តាខេត្ត ជាប់ ព្រំដែន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អ ប្រសើរ ឡើង ប្រកបដោយការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នា ទៅវិញ ទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយ»។
ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន វាយតម្លៃខ្ពស់ចំពោះស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលកន្លង មកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ ។
លោកជំទាវបញ្ជាក់ថា៖«ប្រទេសយើងទាំងពីរមានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំងពីរជាប្រធាននិង គណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទាំងការ ប្រជុំអភិបាលខេត្តជាប់ព្រំដែនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងមិត្តភាពនិងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំងពីរ»។
របាយការណ៍របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណជាងប្រាំបួនពាន់លានដុល្លារ នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងជាង ២៦ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ សម្រេចបានទឹកប្រាក់ ជាងមួយពាន់លានដុល្លាអាមេរិក បានកើនឡើងជាង ២៧ភាគរយ ខណៈការនាំចូលពីថៃ សម្រេចបានទឹកប្រាក់ជាងប្រាំបីពាន់លាន ដុល្លារ កើនឡើងជិត ២៦ភាគរយធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។
កន្លងមកប្រភេទមុខទំនិញដែលកម្ពុជា បានលក់ទៅកាន់ប្រទេស ថៃ មានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុ ដើម និងទំនិញពាក់កណ្តាលសម្រេច ហើយបានទិញចូលមកវិញ នូវថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ត៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និង សម្ភារៈសំណង់។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ អះអាងថា ការបង្កើនលើ កិច្ច សហប្រតិបត្តិការល្អ ការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗ ជាពិសេសវិស័យកសិកម្ម នឹងជួយបង្កើនទំហំពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំង ថែមទៀត៕
ដោយ៖ សែម ពិសី