សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានអ្នកវិនិយោគទួគី មកវិនិយោគនៅកម្ពុជា និងពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងឱកាសអនុញាតិឱ្យឯកឧត្តម វ៉ាហ៊ីត គីរីស៊ី (Vahit Kirişci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យមានអ្នកវិនិយោគទួគី មកវិនិយោគនៅកម្ពុជា និងពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម វ៉ាហ៊ីត បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតីតួគី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសូមសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងមក។

ឯកឧត្តម វ៉ាហ៊ីត ក៏បានគោរព ជំរាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាកន្លងមក។

ឯកឧត្តម វ៉ាហ៊ីត បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសទាំងពីរ កម្ពុជា-តួគី មានសក្ដានុពល ច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការ ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការច្នៃកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យអាយធី, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ហើយក៏បានផ្ញើសួរសុខទុក្ខ ជូនចំពោះឯកឧត្តមប្រធានាធិបតីវិញផងដែរ។

ជាមួយនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសម្ដែងនៅការអបអរសាទរចំពោះជោគជ័យនៃភាពជាប្រធានអាស៊ាន កន្លងមក ដឹកនាំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ ហើយសម្ដេចតេជោ បានលើកទឹកចិត្ត ឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្ដានុពលដូចដែលឯកឧត្តម វ៉ាហ៊ីត បានលើកឡើង ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនឯកឧត្តម វ៉ាហ៊ីត ថា គប្បីណា លើកទឹកចិត្តឱ្យមានអ្នកវិនិយោគទួគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា ពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀតផង។ សម្ដេចថា កម្ពុជា មានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គប្បីពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner