អាជ្ញាធរថៃគ្រោងយកលុយពីភ្ញៀវទេសចរដែលចូលប្រទេសថៃចាប់ពីខែមិថុនា
ថៃៈមន្ត្រីជាន់ខ្ពស់ថៃបានអះអាងថា ប្រទេសថៃគ្រោងនឹងចាប់ផ្តើម ប្រមូលថ្លៃ ៣០០បាត (៩ ដុល្លារ) ពីអ្នកទេសចរបរទេសដែល មកដល់ប្រទេសនេះចាប់ពីខែមិថុនា។នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ មន្ត្រីថៃអះអាងថា គម្រោងការកំណត់ តម្លៃ នេះជាផ្នែកមួយដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍។
វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយនៅក្នុងប្រទេសថៃ វិស័យនេះបានរួមចំណែកប្រហែល១២ ភាគរយនៃផលិតផលក្នុង ស្រុកសរុបថៃមុនពេលជំងឺកូវីដវាយប្រហារ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn បាននិយាយថា៖«កម្រៃសេវានឹងមិនត្រូវបានប្រមូលពីជនបរទេសដែលមានបណ្ណការងារ និងបណ្ណព្រំដែនទេ»។លោកបន្ថែមថា៖« ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវទេសចរចំនួន ២៥លាននាក់ នៅឆ្នាំនេះ»។
គម្រោងនេះត្រូវបានគេពិចារណាជាលើកដំបូងកាលពីឆ្នាំមុនហើយត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី។លោក Phiphat បាននិយាយថា ការចំណាយលើវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងឡើងដល់យ៉ាងហោចណាស់ ២,៣៨ ពាន់ពាន់លានបាតនៅឆ្នាំនេះ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃជិត ៤០លាននាក់៕
ដោយៈវណ្ណ ស័ក្ដិ