ឯកឧត្តម នេត្រ ភក្រ្តា៖ កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលកម្ពុជា មានរយៈពេល២៤ឆ្នាំមកនេះបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងសុខដុមរមណីយកម្មសង្គម
កំពត៖«កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលកម្ពុជាមានរយៈពេល ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសពេញលេញដល់ កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងសុខដុមរមណីយ កម្មសង្គម»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកត្នោត នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

វេទិកាសាធារណៈដែលរៀបចំឡើងដើម្បីចូលរួមតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធភាព មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបជាង ១០០នាក់ ដោយក្រុមការងារបានចូលរួមដោះស្រាយនិងឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កេរ្តិ៍ឈ្មោះនិងកិត្យានុភាពជាតិខ្មែរល្បីរន្ទឺនៅលើពិភពលោក។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយដែលកម្ពុជារកបានដោយពិបាកនេះឱ្យស្ថិតស្ថេរគង់វង្សជាអមតៈសម្រាប់ជាប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយប្រកាសប្រឆាំងដាច់ខាតក្រុមក្បត់ជាតិ ៣ជំនាន់ ដោយមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញសុខសន្តិភាពនេះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ ក្នុងបម្រើប្រជាពលរដ្ឋ ដឹកនាំ អភិវឌ្ឍប្រទេស ហើយគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិនិងប្រជាជន។ ឯកឧត្តមបានរំឭកឡើងថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា ហើយការលះបង់នេះបានធ្វើឱ្យប្រជាជនរស់ក្នុងភាពសុខសាន្ត និងការអភិវឌ្ឍ។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាដើម្បីតបស្នងចំពោះសេចក្តីទុកចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការបម្រើប្រជាពលរដ្ឋជាពិសេសសម្រាប់មន្ត្រីមូលដ្ឋានបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អភិវឌ្ឍឃុំសង្កាត់ឱ្យមាន ការរីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តកំពត។ ឯកឧត្តមបានថ្លែងថាសមិទ្ធផលទាំងឡាយដែលសម្រេចបាននេះកើតឡើងក្រោមដំបូលនៃសុខសន្តិភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន៕






