ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ២១៨គ្រួសារ ក្នុងខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ខេត្តស្ទឹងត្រែង ៖ បេសកកម្មរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែមករា ឆ្នាំ២០២៣ នៅលើទឹកដីនៃខេត្តស្ទឹងត្រែង ក្រុមការងារកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាខា អនុសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក សរុប ២១៨គ្រួសាររស់នៅក្នុងឃុំចំនួន៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងនោះ ឃុំកាំងចាម សម្រាប់ប្រជាពលរដ្ឋ ១៣៧គ្រួសារ ឃុំអូររៃ សម្រាប់ប្រជាពលរដ្ឋ ៥១គ្រួសារ និងឃុំថាឡាបរិវ៉ាត់ សម្រាប់ប្រជាពលរដ្ឋ ៣០គ្រួសារ។

ស្ថិតក្នុងបរិយាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមវេជ្ជ. បាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ ទន្ទឹមនេះឯកឧត្តម បាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុពីក្តៅទៅត្រជាក់ រួមជាមួយទឹកភ្លៀង ដែលអាចបណ្តាលឱ្យកើតមានជម្ងឺផ្សេងៗ និងសូមបន្តយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-១៩ បម្លែងថ្មី ថ្វីបើមិនទាន់មានករណីឆ្លងនៅកម្ពុជាក៏ដោយ ហើយដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មានតែការរក្សាអនាម័យឱ្យបានល្អ និងអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យដែលអាចបណ្តាលឱ្យមានការឆាបឆេះទ្រព្យសម្បត្តិ និងអាយុជីវិតជាយថាហេតុ។

បន្ថែមពីនោះទៀតឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា« ថ្ងៃទិវាមហាជ័យជំនះ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលក្នុងនោះសន្តិភាពរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ម្យ៉ាងទៀតបើគ្មានសុខសន្តិភាពទេ ក៏ក្រុមការងារកាកបាទក្រហមកម្ពុជាមិនអាចមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដូចពេលនេះដែរ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែរក្សាសន្តិភាពមួយនេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ខណៈនោះដែរបន្ទាប់ពីការចែកនៅទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទាំងនោះជូនប្រជាពលរដ្ឋចំនួន៥គ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលមិនអាធ្វើដំណើរមកដោយផ្ទាល់បាន រួមទាំងបាននាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃដែលគង់នៅវត្តសីហារាម (ហៅវត្តកាំងចាម) និងវត្តអូររៃ ដោយក្នុងមួយវត្តរួមមាន៖ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ៥កេស។ បន្ថែមលើនេះវត្តសីហារាម (ហៅវត្តកាំងចាម) ប្រគេនថវិកាចំនួន៧០ម៉ឺនរៀល និងវត្តអូររៃ ប្រគេននូវថវិកា ចំនួន៦០ម៉ឺនរៀល ដែលក្នុងនោះក៏មានថវិកាពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែងផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារនីមួយៗខាងលើទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត (សរុង មុង ភួយ ក្រមា ) ១កញ្ចប់។ ដោយឡែកជនចាស់ជរាជនមានពិការភាព និងស្ត្រីដែលទើបសម្រាលកូនរួចនូវថវិកាមួយចំនួនបន្ថែមទៀតផងដែរដែរ ៕ ដោយ / គ្រី សម្បត្តិ

