អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតលើករណី គង់ គាំ ដែលធ្វើឯកសារបន្លំយកដី និងផ្ទះរបស់រដ្ឋជាកម្មសិទ្ធិ (Video Inside)
អង្គភាពប្រឆាំងនឹងអំពើពុករលួយ ត្រូវគេរាយការណ៍ថាបាននិងកំពុងបើកការស៊ើបអង្កេត លើករណីសំណុំរឿងលោក គង់ គាំ ពាក់ព័ន្ធនឹងរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិ ដីរបស់ក្រសួងការបរទេសធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។
ដីនិងអចលនទ្រព្យដែលកំពុងស្ថិតក្នុងភាពវិវាទនោះ គឺដីនិងផ្ទះក្នុងឡូតិ៍លេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន។ លោក គង់ គាំ ក្នុងនាមជាអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានព្យាយាមលួចធ្វើវិញ្ញាបនបត្រយកផ្ទះ និងដីធ្វើជាទ្រព្យសម្បត្តិឯកជនកាលពីខែមេសាឆ្នាំ១៩៩០។
លោកគង់គាំក្នុងលិខិតមួយកាលពីថ្ងៃទី១១មករាឆ្នាំ២០២៣ បានសរសេរថាលោកពិតជាបានចូលរស់នៅក្នុងផ្ទះ នៃកម្មសិទ្ធិរបស់ក្រសួងការបរទេសនោះ ដោយគ្រាន់តែជូន ដំណឹងដល់រដ្ឋមន្ត្រីក្រសួងការបរទេសតែប៉ុណ្ណោះ។
គួរបញ្ជាក់រដ្ឋមន្ត្រីការបរទេស ជំនាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចបានស្នើទៅ «អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់ អំពីភាពមិនប្រក្រតីនានា នៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាន នៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ»។
សម្តេចតេជោបានបញ្ជាក់ថា ដី និងផ្ទះ ដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជា កម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងមុននេះថា សម្តេចទុករយៈពេលមួយខែឱ្យលោក គង់ គាំ ដើម្បីការប្រគល់ដីនេះមកក្រសួងការបរទេសវិញ។