ការលក់រថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen Group ធ្លាក់ចុះរហូតដល់ ៧ភាគរយក្នុងឆ្នាំ២០២២ ដោយសារ បញ្ហាស្ទះការផ្គត់ផ្គង់

ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ដោយសារតែបញ្ហាស្ទះការផ្គត់ផ្គង់ និងការបញ្ឈប់ផលិតកម្មបណ្តោះអាសន្ន ធ្វើឱ្យការចែកចាយលក់របស់ក្រុមហ៊ុន Volkswagen Group ក្នុងឆ្នាំ២០២២ បានធ្លាក់ចុះរហូតដល់ ៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹមចំនួន ៨.២៦លានគ្រឿងនៅទូទាំងពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីចុងឆ្នាំមុន អាជីវកម្មមានស្ថេរភាពម្តងទៀត នៅពេលដែលក្រុមហ៊ុន Volkswagen បានកើនឡើងការលក់ទូទាំងពិភពលោកនៅក្នុងខែធ្នូចំនួន ១៨.១ភាគរយ។

សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បាននិយាយកាលពីសប្តាហ៍មុនថា កង្វះផលិតផលកម្រិតមធ្យម តម្លៃថាមពល និងវត្ថុធាតុដើមខ្ពស់ រួមទាំងភាពមិនច្បាស់លាស់ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាមូលហេតុធ្វើឱ្យទីផ្សារ និងផលិតកម្មរថយន្តធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នករួមចំណែកដ៏ធំបំផុតចំពោះការកើនឡើងការលក់រថយន្តអគ្គិសនីជាសកលរបស់ក្រុមហ៊ុន Volkswagen ខណៈដែលការចែកចាយបានកើនឡើង ៦៨ភាគរយ ដល់ចំនួន ១៥៥,៧០០គ្រឿង។

ចំណែកនៅក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន Volkswagen មានគោលបំណងបង្កើនចំណែកទីផ្សារនៃប្រភេទរថយន្តអគ្គិសនី BEVs របស់ខ្លួន ដល់ប្រហែល ១១ភាគរយ ហើយនៅឆ្នាំ២០៣០ រាល់យានយន្តដែលចែកចាយដោយក្រុមហ៊ុននេះនៅទូទាំងពិភពលោក គឺជារថយន្តអគ្គិសនីទាំងអស់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner